
ហ្វីលីពីន៖ ប្រមុខពាណិជ្ជកម្មរបស់ប្រទេសហ្វីលីពីនបាននិយាយថា ហ្វីលីពីននឹងព្យាយាមទម្លាក់អត្រាពន្ធអាមេរិកពី ១៧ ភាគរយ មកត្រឹម ០ ភាគរយ វិញ ដែលនេះជាការប្រកាសដោយប្រធានាធិបតី Donald Trump ក្នុងពេលពិភាក្សាជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន។
ក្នុងនោះដែរឃើញថា ហ្វីលីពីនបានផ្តល់ការទិញផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិកនៅមុនការចរចា ដែលស្រដៀងគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ។
ដោយក្នុងនោះ លោក Roque លេខាធិការពាណិជ្ជកម្មហ្វីលីពីនបាននិយាយថា ប្រទេសហ្វីលីពីនគ្រោងនឹងជំរុញការនាំចូលទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង និងសាច់ក្លាសេ ដើម្បីទទួលបានអត្រាពន្ធទាប។
ហើយរដ្ឋាភិបាលក៏កំពុងសម្លឹងមើល ការនាំចេញផលិតផលផ្លែស្វាយបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិកផងដែរ។
ប្រសិនជាធ្វើការប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀត ឃើញថាការយកពន្ធរបស់អាមេរិកលើទំនិញហ្វីលីពីនគឺទាបជាងច្រើនជាមួយប្រទេសជិតខាងអាស៊ីដូចជា អាមេរិកបានដាក់ពន្ធ 36% លើប្រទេសថៃ និង 46% លើវៀតណាម ជាដើម ។
បន្ទាប់ពីនោះ ទីក្រុងម៉ានីលកំពុងសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងប្រសើរជាងមុនទៀត ជាមួយសហរដ្ឋអាមេរិកក្នុងអំឡុងពេល ៩០ ថ្ងៃ ដែលលោក Trump បានផ្អាកការអនុវត្តពន្ធគយ។
ពាណិជ្ជកម្មអាមេរិកជាមួយហ្វីលីពីនមានចំនួនសរុបប្រហែល 23.5 ពាន់លានដុល្លារក្នុងឆ្នាំ 2024 ដោយទីក្រុងវ៉ាស៊ីនតោនបានកត់ត្រាឱនភាពចំនួន 4.9 ពាន់លានដុល្លារជាមួយទីក្រុងម៉ានីល នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕
