2025-04-29 10:47
33

វ៉ាស៊ីនតោន៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា នេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការផ្លាស់ប្តូរពន្ធមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធលើរថយន្ត ដោយក្នុងនោះ រដ្ឋបាល ត្រាំ នឹងមានការកាត់បន្ថយពន្ធមួយចំនួនដែលបានដាក់លើគ្រឿងបន្លាស់បរទេសនៅក្នុងរថយន្តដែលផលិតក្នុងស្រុក និងរក្សាពន្ធលើរថយន្តដែលផលិតនៅបរទេសពីការឡើងថ្លៃលើផ្នែកផ្សេងៗទៀត។ 

យោងតាមកាសែត Wall Street Journal បាននិយាយថា ការផ្លាស់ប្តូរនេះមានន័យថា ក្រុមហ៊ុនរថយន្តដែលបង់ពន្ធនឹងមិនត្រូវបានគិតថ្លៃសម្រាប់ពន្ធផ្សេងទៀតទេ ដូចជាដែកថែប និងអាលុយមីញ៉ូម ហើយសំណងនោះនឹងត្រូវផ្តល់សម្រាប់ពន្ធដែលបានបង់រួចហើយ។

ក្នុងនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Howard Lutnick បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ដោយសេតវិមានថា "ប្រធានាធិបតី Trump កំពុងបង្កើតភាពជាដៃគូដ៏សំខាន់មួយជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងកម្មករអាមេរិក" ។ 

ចំពោះការផ្លាស់ប្តូរនេះ អាចចាត់ទុកថាជាការបន្ទន់ឥទ្ធិពលនៃការយកពន្ធរថយន្ត ដែលជាវិធានការចុងក្រោយបំផុត ដោយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីបង្ហាញពីភាពបត់បែនមួយចំនួនលើពន្ធគយ ដែលបានធ្វើឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលបានបង្កើតឲ្យមានភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មនិងបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ក្រុមចម្រុះនៃក្រុមឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យលោក Trump កុំយកពន្ធ 25% លើគ្រឿងបន្លាស់រថយន្តដែលនាំចូលដោយព្រមានថា ពួកគេនឹងកាត់បន្ថយការលក់រថយន្ត និងការដំឡើងតម្លៃ។

មូលហេតុដែលក្រុមឧស្សាហកម្មរថយន្តអាមេរិកព្រមានបែបនេះ គឺដោយសារតែលោក Trump បាននិយាយមុននេះថា លោកគ្រោងនឹងដាក់ពន្ធ 25% លើគ្រឿងបន្លាស់រថយន្តមិនលើសពីថ្ងៃទី 3 ខែឧសភា នោះទេ។ 

បន្ថែមពីនេះ ក្រុមឧស្សាហកម្មនេះក៏បាននិយាយនៅក្នុងលិខិតមួយដែលផ្ញើឲ្យលោក ត្រាំ ថា "ប្រសិនជាលោក ត្រាំ គ្រោងនឹងយកពន្ធ 25% លើគ្រោះបន្លាស់រថយន្តពិតមែន នោះពន្ធលើគ្រឿងបន្លាស់រថយន្តនឹងវាយលុកសង្វាក់ផ្គត់ផ្គង់រថយន្តពិភពលោក និងកំណត់ឥទ្ធិពលដូមីណូដែលនឹងនាំឱ្យតម្លៃរថយន្តខ្ពស់សម្រាប់អ្នកប្រើប្រាស់ ការលក់កាន់តែទាបនៅហាងចែកចាយ ហើយនឹងធ្វើឱ្យសេវាកម្ម និងជួសជុលរថយន្តមានតម្លៃថ្លៃជាង និងតិចជាងមុន" ៕