2025-04-28 11:52
44

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថាលោកមិនបានគាំទ្រការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកិច្ចចរចាពន្ធគយជាមួយចិននោះទេ និងបាននិយាយថា លោកមិនដឹងថា តើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែរឬទេ។

គួរឲ្យដឹងថា កាលពីសប្ដាហ៍មុន រដ្ឋបាល Trump បានបង្ហាញពីការបើកចំហរមួយដើម្បីកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មរវាងខ្លួននិងប្រទេសចិន ដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច។ 

ក្នុងនោះផងដែរ លោក Trump ផ្ទាល់ក៏បាននិយាយដែរថា ការពិភាក្សាអំពីពន្ធកំពុងកើតឡើងជាមួយនឹងប្រទេសចិន ហើយលោកនិងលោក Xi បាននិយាយ។ 

ប៉ុន្តែបែរជារដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធថា ការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនបានកើតឡើងនោះទេ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ប្រសិនជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នោះវាមិនមែនប្រើរយៈពេលខ្លីនោះទេ ព្រោះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាចចំណាយពេលច្រើនខែ ប៉ុន្តែការបន្ធូរបន្ថយ និងកិច្ចព្រមព្រៀងជាគោលការណ៍អាចសម្រេចបានក្នុងពេលឆាប់ៗនេះ ហើយនឹងរក្សាការយកពន្ធពីការកំណត់ត្រឡប់ទៅកម្រិតអតិបរមាវិញ។

គួរបញ្ជាក់ឲ្យដឹងថា ការដាក់ពន្ធគយរបស់លោក Trump បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកផងដែរ ដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិនជាដើម។ ហើយលទ្ធផលទាំងនេះធ្វើឲ្យមានភាពប្រែប្រួលទីផ្សារស្ទើរតែមិនធ្លាប់មានពីមុនមក និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការជឿទុកចិត្តរបស់អ្នកវិនិយោគលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកផងដែរ។ 

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Brooke Rollins បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការសន្ទនាប្រចាំថ្ងៃជាមួយប្រទេសចិនជុំវិញពន្ធគយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕