
ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចចម្រុះ និងមុខសញ្ញាជួញដូគ្រឿងញៀន បានផ្ទុះអាវុធតដៃគ្នាមួយប្រាវ បណ្តាលឱ្យមុខសញ្ញាជនសង្ស័យម្នាក់ រងរបួសធ្ងន់ និងឃាត់ខ្លួនបាន ចំនួន ០២នាក់ សរុបចំនួន ០៣នាក់ ខណៈពេលចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
ករណី បាញ់រដៃគ្នារវាងសមត្ថកិច្ច និងមុខសញ្ញាគ្រឿងញៀនខាងលើ បានកើតមានឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង៣០នាទីព្រឹក នៅក្បែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងខេត្តស្វាយរៀង សហការជាមួយអធិការនគរបាលស្រុកស្វាយជ្រំ កងរាជអាវុតហត្ថខេត្ត តំបន់ប្រតិបត្តិការផ្នែកសឹករងស្រុក និងប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួសផងដែរ។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៤៧ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទ៖ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅចំណុច ភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។
ប្រភពបានឱ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនមុខសញ្ញាមានដីកាឈ្មោះ អ៊ុច អ៊ាន មានបក្សពួក ចំនួន ០៣នាក់ រួមមាន ១៖ ឈ្មោះ មាក សាំសូរិយា ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ), ២៖ ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និង ទី៣៖ ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅ ០១ដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ រត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះ មឿង សាវុន ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លុះក្រោយពីសុំគោលការណ៍ពីថ្នាក់លើ និងមានកាសម្របសម្រួលនិតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធ រហូតដល់ម៉ោង ១៣និង៤៥នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ប៉ុន្តែឈ្មោះ អ៊ុច អ៊ាន មានកាន់អាវុធ និងបាញ់តដៃ ទើបសមត្ថកិច្ចប្រើប្រាស់ការការពារខ្លួនបាញ់តបត បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង និងបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។
ជនសង្ស័យទាំង០២នាក់ ឈ្មោះ មាក សាំសូរិយា និងឈ្មោះ នី កក្ដដា បានឆ្លើយសារភាពថា៖ «កន្លងមកពួកខ្លួនបានដឹងថាឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងខ្លី ០១ដើម និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ប៉ុន្តែពេលខ្លះបានយកលុយមកប៉ាវពួកខ្លួនផឹកស៊ីផងដែរ។
ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចធ្វើតេស្ដម៉ូតទឹកនោមលទ្ធផល វិជ្ជមាន (+)។
បច្ចុប្បន្ន: សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីកែឆ្នៃ ពណ៌ខ្មៅ ចំនួន ០១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ឈុត៕
