2025-04-27 06:31
52

យ៉ាងហោចណាស់មនុស្ស ចំនួន ១៤នាក់ ត្រូវបានសម្លាប់ និង៧៥០នាក់ទៀតបានរងរបួស នៅក្នុងការផ្ទុះដ៏ធំមួយ នៅកំពង់ផែបាន់ដាអាបាស នៅភាគនិរតីប្រទេសអ៊ីរ៉ង់។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ដែលបានដកស្រង់សម្តីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ។

ការផ្ទុះនេះបានបង្កឱ្យមានផ្សែងពណ៌ប្រផេះ ដ៏ក្រាស់ចេញពីផ្នែក Shahid Rajaee នៃកំពង់ផែនេះ បើយោងតាមវីដេអូដែលថតចេញទីតាំងនោះ។ រដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា «ការផ្ទុះនេះទំនងជាមានទំនាក់ទំនងទៅនឹងកន្លែងរក្សាទុកនូវសារធាតុគីមី»

សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Esandar Momeni បាននិយាយថា «មនុស្សចំនួនប្រាំមួយនាក់ កំពុងបាត់បាត់ខ្លួន ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តធ្វើការ ដើម្បីពន្លត់ភ្លើងឆេះនេះ បើទោះបីជាមានការលំបាកបង្កឡើងដោយខ្យល់ខ្លាំងក៏ដោយ។ ចំពោះមូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ»។ 

អ្នកនាំពាក្យរដ្ឋាភិបាល លោក ហ្វ្វាម៉ូហាជើរ៉ានី បាននិយាយថា «វានឹងត្រូវការពេលវេលាមួយចំនួន ដើម្បីស្រាវជ្រាវ និងសើបអង្កេតរកមូលហេតុនៃការផ្ទុះនេះ ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលត្រូវបានគេកំណត់នោះ គឺថា កុងតឺន័រទាំងនោះត្រូវបានរក្សាទុកនៅជ្រុងមួយនៃកំពង់ផែ ដែលទំនងជាមានសារធាតុគីមីដែលបានផ្ទុះ»

មន្ត្រីអ្នកនាំពាក្យដដែលបន្ថែមថា៖ «ប៉ុន្តែរហូតដល់ភ្លើងត្រូវបានបាញ់ទឹកពន្លត់ តែវាពិបាកក្នុងការបញ្ជាក់ពីមូលហេតុ»

ពេលនេះរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅក្នុងទីក្រុងបាន់ដាអាបាស់ ដើម្បីការពារពលរដ្ឋនៅពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការបំពុលខ្យល់អាកាស៕