
Kyiv៖ អភិបាលក្រុង Kyiv លោក Vitali Klitschko បានប្រាប់ BBC ថា អ៊ុយក្រែនអាចនឹងត្រូវលះបង់ដីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីប្រធានាធិបតី Donald Trump ក្នុងការទទួលយកសម្បទានទឹកដី។លោកបាននិយាយថា “ជាតឹកតាង....គឺបោះបង់ចោលទឹកដី។ វាមិនយុត្តិធម៌ទេ។ ប៉ុន្តែសម្រាប់សន្តិភាព សន្តិភាពបណ្តោះអាសន្ន ប្រហែលជាវាអាចជាដំណោះស្រាយបណ្តោះអាសន្ន”។ ប៉ុន្តែលោកបានបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែននឹង «មិនទទួលយកការកាន់កាប់» ដោយរុស្ស៊ីឡើយ។ លោកបានលើកឡើងបែបនេះប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចនិងដ្រូនលើក្រុងគៀវ បានសម្លាប់មនុស្ស១២នាក់និងរបួសជាង៨០នាក់។ វាជាការវាយប្រហារដ៏សាហាវបំផុតមួយរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែននៅឆ្នាំ ២០២២ ហើយបច្ចុប្បន្នទីក្រុងមូស្គូបានគ្រប់គ្រងប្រហែល ២០% នៃទឹកដីអ៊ុយក្រែនហើយ។
ក្នុងនោះឃើញថា លោក Klitschko ដែលជាអ្នកនយោបាយអ៊ុយក្រែនជាន់ខ្ពស់បំផុតម្នាក់ បែរជាបង្ហាញជាសាធារណៈថា ប្រទេសរបស់គាត់ប្រហែលជាត្រូវបោះបង់ចោលទឹកដី បើទោះបីជាបណ្តោះអាសន្នក៏ដោយ។ ដោយលោកបាននិយាយថាប្រធានាធិបតី Volodymyr Zelensky អាចត្រូវបានបង្ខំឱ្យទទួលយក "ដំណោះស្រាយដ៏ឈឺចាប់" ដើម្បីសម្រេចបានសន្តិភាព។
សូមជម្រាបឲ្យដឹងថា លោក Trump ធ្លាប់បានចោទប្រកាន់ Zelensky ពីបទធ្វើឱ្យប៉ះពាល់ដល់ការចរចាសន្តិភាព បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះបានច្រានចោលការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើ Crimea ដែលជាឧបទ្វីបអ៊ុយក្រែនភាគខាងត្បូងដោយខុសច្បាប់ដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ 2014 ។ លោក Trump បាននិយាយថា Crimea "បានបាត់បង់កាលពីឆ្នាំមុន" ហើយបច្ចុប្បន្ន "មិនមែនជាចំណុចនៃការពិភាក្សាទេ" ៕