
KYIV/WASHINGTON៖ រុស្ស៊ីបានវាយលុកទីក្រុង Kyiv ដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ក្នុងការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងឆ្នាំនេះ ហើយហេតុការណ៍នេះបានធ្វើឲ្យលោក ពូទីន ទទួលបានការស្តីបន្ទោសពីប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដោយលោក ត្រាំ បានប្រាប់ ពូទីន ថា បញ្ឈប់ "(Vladimir, STOP!)"។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលរបស់លោកកំពុងអនុវត្ត "សម្ពាធជាច្រើន" លើប្រទេសរុស្ស៊ី និងបានរំលឹកឡើងវិញនូវការមិនពេញចិត្តរបស់គាត់ចំពោះការវាយប្រហារនេះ។
ប៉ុន្តែលោកបាននិយាយថា វឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងនៅក្នុងការចរចាសន្តិភាព ហើយវិមានក្រឹមឡាំងបានធ្វើ "សម្បទានដ៏ធំមួយ" ដោយបើកឱ្យ "បញ្ឈប់សង្រ្គាម បញ្ឈប់ការដណ្តើមយកប្រទេសទាំងមូល" ដោយសំដៅទៅលើអ៊ុយក្រែន។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅឯសេតវិមានបាននិយាយថា ការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ចុងសប្តាហ៍ហើយសហរដ្ឋអាមេរិកចង់ឃើញទាំងអ៊ុយក្រែន និងរុស្ស៊ី ឈានជើងឡើងដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ។
បន្ថែមពីនោះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Trump នៅទីក្រុងវ៉ាស៊ីនតោន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុង Kyiv កំពុងធ្វើការយ៉ាងលំបាកសម្រាប់កិច្ចព្រមព្រៀងមួយ។
ពេលនេះ ទាំងទីក្រុង Kyiv និងទីក្រុងម៉ូស្គូកំពុងព្យាយាមបង្ហាញលោក Trump ថាពួកគេកំពុងដំណើរការឆ្ពោះទៅរកគោលដៅនៃកិច្ចព្រមព្រៀងសន្តិភាពដ៏ឆាប់រហ័សរបស់គាត់។
