
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៩ មីនាឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំ នៃខេត្តឧត្តរមានជ័យ នៅតែបន្តនាំគ្នា ធ្វើដំណើរទៅទស្សនាកម្សាន្តលេង និងផ្តិតយករូបភាពល្អៗនៅក្នុងតំបន់រមណីដ្ឋានប្រាសាទតាមាន់ធំ ដែលជាកេរមរតករបស់បុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីសម័យបុរាណកាលមកនោះ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីឃុំកោគមន បានបង្ហាញនូវចំណាប់អារម្មណ៍ថា សម្រាប់រូបគាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត បានមកដល់តំបន់ប្រាសាទតាមាន់ធំនេះ ពិតជាមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈឃើញមានវត្តមានបងប្អូនកងទ័ព ដែលបានឈរជើងប្រចាំការ នៅក្នុងតំបន់នេះ មានការទទួលរាក់ទាក់រួសរាយ និងការពារបានយ៉ាងល្អប្រសើរ។
ពលរដ្ឋរូបនេះ បានឲ្យដឹងថា សម្រាប់ការមកកម្សាន្តនៅក្នុងតំបន់ប្រាសាទតាមាន់ធំ នេះគឺពុំមានអ្វីគួរឲ្យមានការបារម្មណ៍ពីសុវត្ថិភាព និងមានការភ័យក្លាចដូចការលើកឡើងមួយចំនួនរបស់ក្រុមអគតិជ្រុលនិយមអ្វីនោះទេ។ ផ្ទុយទៅវិញ កាលដែលពួកគាត់ធ្វើដំណើរមកកម្សាន្តនៅក្នុងតំបន់ប្រាសាទតាមាន់ធំនេះ គឺធ្វើឲ្យពួកគាត់មានអារម្មណ៍ស្រស់ស្រាយ រីករាយ និងបានស្វែងយល់ពីវប្បធម៌ អរិយធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាកេរដំណែលប្រាសាទដ៏អស្ចារ្យល្អផូរផង់នៅលើជួរភ្នំដងរ៉ែកនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ចំពោះស្ថានភាពទូទៅនៅក្នុងតំបន់ប្រាសាទតាមាន់ធំ គឺមានសភាពធម្មតា និងមានបងប្អូនប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរមកលេងកម្សាន្ត ដោយមិនមានអ្វីបារម្មណ៍នោះទេ ខុសពីអ្វីដែលក្រុមពួកជ្រុលនិយមមួយចំនួនបានផ្សព្វផ្សាយនោះ៕



