2025-03-10 14:00
97

លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀតត្រូវបានអង្គភាព ប្រឆាំង អំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធករណី បោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ។ 

ហើយជនជាប់ចោទទាំង ៣នាក់ ខាងលើនេះត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

យោងតាមសេចក្តីរាយការណ៍ ដែលអង្គភាពសារព័ត៌មានអឹមអេសជេ ទើបទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួកពីរនាក់ទៀតត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ជនជាប់ចោទទាំង ៣នាក់ខាងលើនេះទី១៖ ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តកំពង់ស្ពឺ។ 

ទី២ ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិនិងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ទី៣៖ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង ៣នាក់ខាងលើនេះត្រូវបានតំណាងអយ្យការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តកំពង់ស្ពឺតែម្តង។