2025-03-07 00:20
111

តាកែវ៖ នៅថ្ងៃព្រហស្បត្ត៍ ទី៦ ខែ មីនា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះ នៅថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។


ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកកម្សាន្ត លំហែរ នៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រាព្ធពិធីបុណ្យទន្លេ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល សូមវិចខ្ចប់ទុកដាក់ឱ្យបានល្អ ក្រោយពេលបរិភោគរួចរាល់ ហើយប្រសិនជាបងប្អូនណានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធ ហើយនៅពេលអាជ្ញាធរចាប់បានយើងនឹងធ្វើការផាកពិន័យ។


គួបញ្ជាក់ផងដែរថា នៅក្នុងពិធីរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឱ្យមហាជនចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ ទី២/ កីឡា រត់កម្សាន្តមហាជន ៥០០នាក់ ទី៣/ កីឡា អុកចត្រង្គ មហាជន ទី៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក ទី៥/ កីឡា បាល់ទះ មហាជន ទី៦/ កីឡា ប៉ូល (បេតង់) មហាជន ទី៧/ កីឡា ទូក កានូ កាយ៉ាក មហាជន ទី៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម ទី៩/ កីឡា គុនខ្មែរ ទី១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ។


បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង៕