
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាល ការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុត នៅក្នុងស្រុកចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ចំនួន ២,០២៥គ្រួសារ បន្ទាប់ពីបានចុះជួបសំណេះសំណាលប្រជាពលរដ្ឋ នៅ២ ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ចំនួន ២,២៥០គ្រួសារ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ ។
នៅក្នុងឪកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកប ដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក ចំពោះលោកតា លោកយាយ អុំ ពូ មីង កូនក្មួយ ដែលធ្វើឱ្យប្រជា ពលរដ្ឋរំភើបចិត្ដ ព្រោះតែទឹកចិត្ដព្រហ្មវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌នៅកម្ពុជា។
ជាមួយគ្នានោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះ មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហម កម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបានអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថាន ជុំវិញផ្ទះកុំឱ្យមានជម្រកមូសខ្លានាំកើតគ្រុនឈាមជាដើម។សម្រាប់ស្ត្រីមានផ្ទៃពោះសូមថែរក្សាសុខភាព ខ្លួន និងទារកក្នុងផ្ទៃ និងសូមទៅពិនិត្យផ្ទៃពោះយ៉ាងតិចឱ្យបាន៤ដងមុនពេលសម្រាល។ នៅពេល សម្រាលសូមទៅមន្ទីរពេទ្យ ឫ មណ្ឌលសុខភាព ដែលមានពេទ្យជំនាញត្រឹមត្រូវ និងត្រូវបន្តថែទាំ សុខភាពខ្លួន និងទារកក្រោយសម្រាល ព្រមទាំងនាំកូនទៅទទួលវ៉ាក់សាំង តាមការកំណត់របស់ពេទ្យ
លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានវិធានការលុបបំបាត់ បញ្ហាគ្រឿងញៀន, ល្បែងស៊ីសង, ក្មេងទំនើង, អំពើហឹង្សាក្នុងគ្រួសារ និង កុំសេពគ្រៀងស្រវឹង។ជាមួយគ្នានេះ សូមសាខា/អនុសាខាកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយ ពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយ ជំងឺ ឆ្លង/មិនឆ្លងនានា ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, និងជំងឺអេដស៍ ជាដើម ។
នៅក្នុងពិធីសំណេះសំណាល របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង ព្រោះតែការបង្ហាញវត្តមានរបស់មាតាមនុស្សធម៌ ជាញឹកញាប់ ជាមួយប្រជាពលរស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានក្ដីស្រលាញ់ អាណិត មេតា្ដ ជួយយកអាសារ និងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរហូតមក ពិសេសវត្ដមានរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងរយៈពេល២ថ្ងៃនេះ ទី៥-៦ ខែមិនា លើទឹកដីខេត្តឧត្តរមានជ័យ។
បេសកកម្មមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅលើទឹកដីខេត្តឧត្តរមានជ័យ រយៈពេល ២ថ្ងៃទី ៥-៦ ខែមិនានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ជាង៤ពាន់ គ្រួសារ ក្នុងភូមិស្រុកចំនួន ៥ នៃខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យ មនុស្ស ធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្ត បរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។
ឱកាសសំណេះសំណាលខាងលើនេះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល៕
