2025-03-05 08:59
114

ភ្នំពេញ % លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា នៅដើមឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញបានបង្ក្រាបករណីក្រុមក្មេងទំនើងសរុប ៣៦ករណី និងឃាត់ខ្លួន ១៤៤នាក់ បញ្ជូនទៅតុលាការ។ ទោះបីយ៉ាងណា លោកស្នងការនៅតែបន្តប្ដេជ្ញាបង្ក្រាបមិនដកដៃនោះទេ។បើតាមលោក ជួន ណារិន្ទ សកម្មភាពរបស់ក្រុមក្មេងទំនើងដែលប្រព្រឹត្តជាក់ស្ដែងមានចំនួន៤រូបភាព ទី១ ហិង្សាកាប់ប្លន់យកម៉ូតូ ជារូបភាពក្មេងទំនើងកាប់គ្នា តែកាប់ចុះកាប់ឡើង លើកយកម៉ូតូទៅបាត់ នេះជាបទល្មើសព្រហ្មទណ្ឌកាប់ប្លន់យកម៉ូតូ ក្នុងនោះកម្លាំងជំនាញបង្ក្រាបបាន២ករណី ឃាត់ខ្លួន១១នាក់។ ទី២ ក្រុមក្មេងទំនើង ហិង្សាបង្ករបួសស្នាម បង្ក្រាបបាន២៨ករណី ឃាត់ខ្លួន១១៧នាក់។ ទី៣ ហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្ក្រាបបាន៤ករណី ឃាត់ខ្លួន១០នាក់។ និងទី៤ ករណីក្មេងទំនើងកាន់កាប់អាវុធខុសច្បាប់ បង្ក្រាបបាន២ករណី ឃាត់ខ្លួនបាន៥នាក់។ទោះបីករណីក្រុមក្មេងទំនើងនេះត្រូវបានបង្ក្រាបជាបន្តបន្ទាប់ និងហាក់ថមថយសកម្មភាពក៏ពិតមែន តែលោកនៅតែតាមដានជាប់ជាប្រចាំ និងបានណែនាំឲ្យអធិការដ្ឋានទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពក្រុមក្មេងទំនើងទាំងអស់នេះ។លោក ជួន ណារិន្ទ បញ្ជាក់ថា ក្រុមក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្សមកដល់ពេលបច្ចុប្បន្ននេះស្ទើរអស់ ១០០%ហើយ តែនៅមានក្មេងទំនើងនៅតាមភូមិ និងក្មេងទំនើងដែលចំណាកស្រុកដែលមកពីតាមបណ្តាខេត្ត មកធ្វើការនៅរាជធានីភ្នំពេញ។ បើតាមលោកស្នងការ រយៈពេលជាង២០ថ្ងៃចុងក្រោយនេះ ករណីក្មេងទំនើងមានការថមថយច្រើនសឹងតែមិនមាន តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តតាមដាន និងមិនឱ្យរស់ឡើងវិញនូវពាក្យថា «ក្មេងទំនើង»នេះដែរ៕