2023-10-18 11:10
500

យោងតាមប្រភពដកស្រងចេញពី weforum បានឲ្យដឹងថា សុខភាពផ្លូវចិត្តល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព និងសុខុមាលភាពទូទៅរបស់ពិភពលោក។ នេះជាទស្សនៈរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។

ខាងក្រោមនេះ គឺជាហេតុផល៥យ៉ាងដែលបង្ហាញថា សុខភាពផ្លូវចិត្តដើរតួរនាទីយ៉ាងសំខាន់សម្រាប់ពិភពលោក៖
១. តើអ្នកណាដែលប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត?
ជំងឺផ្លូវចិត្តអាចប៉ះពាល់ដល់នរណាម្នាក់គ្រប់ពេលវេលាក្នុងជីវិតរបស់ពួកគេ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សនៅក្នុងតំបន់មានជម្លោះ និងអ្នកដែលទទួលរងការរំលោភបំពានផ្លូវកាយ ឬផ្លូវចិត្តគឺងាយរងគ្រោះបំផុត។

មនុស្សជាង ២៦៤ លាននាក់គ្រប់វ័យទទួលរងពីជំងឺធ្លាក់ទឹកចិត្ត ដែលជាមូលហេតុចម្បងនៃពិការភាព និងជាអ្នករួមចំណែកឈានមុខគេដល់បន្ទុកទាំងមូលនៃជំងឺទូទៅ។ ស្ត្រីច្រើនជាងបុរសទទួលរងពីជំងឺធ្លាក់ទឹកចិត្ត ដែលវាជារឿងអាក្រក់បំផុតអាចនាំឱ្យធ្វើអត្តឃាត។

បញ្ហានោះដោយសារតែការគ្រប់គ្រងគំនិត អារម្មណ៍ អាកប្បកិរិយា និងអន្តរកម្មខ្លួនឯងផ្ទាល់ជាមួយអ្នកដទៃដែលមានឥទ្ធិពលទៅលើសុខភាពផ្លូវចិត្ត និងការវិវត្តទៅជាជំងឺផ្លូវចិត្ត ។ កត្តាសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានដើរតួនាទីយ៉ាងសំខាន់ដូចគ្នា ខណៈដែលភាពតានតឹង ហ្សែន និងអាហារូបត្ថម្ភក៏អាចរួមចំណែកផងដែរ។

២. តើគេធ្វើរោគវិនិច្ឆ័យដោយរបៀបណា?
៨៥% នៃអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមិនបានទទួលការព្យាបាលនោះទេ ដោយសារតែការខ្វះខាតអ្នកជំនាញថែទាំសុខភាពដោយសារតែការខ្វះការបណ្តុះបណ្តាល។ លើសពីនេះផងដែរ មនុស្សមួយចំនួនមិនបានធ្វើរោគវិនិច្ឆ័យ ឬត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស និងចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែលពួកគេមិនត្រូវការ។
វេជ្ជបណ្ឌិត Bernadka Dubicka បានសរសេរនៅក្នុងគេហទំព័រ Mental Health Today ថា មានការធ្វើតេស្តរូបវិនិច្ឆ័យតាមប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែមិនមានការធ្វើរោគវិច្ជ័យណាច្បាស់លាស់ជាងការពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យជំនាញនោះទេ។

៣. តើធ្វើដូចម្ដេចជាមួយការព្យាបាល និងការការពារ?
ស្ថានភាពសុខភាពផ្លូវចិត្តកំពុងកើនឡើងនៅទូទាំងពិភពលោក។ លក្ខខណ្ឌជាច្រើនត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាពក្នុងតម្លៃទាប នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ការគាំទ្រកុមារមានសារៈសំខាន់ជាពិសេសក្នុងការបង្ការកុំឱ្យកើតមានបញ្ហាផ្លូវចិត្ត ហើយពាក់កណ្តាលនៃបញ្ហាសុខភាពផ្លូវចិត្តទាំងអស់ចាប់ផ្តើមមុនអាយុ ១៤ ឆ្នាំ។ នៅក្នុងនោះដែរ ប្រហែលមួយភាគប្រាំនៃកុមារ និងក្មេងជំទង់ទាំងអស់ទទួលរងពីស្ថានភាពសុខភាពផ្លូវចិត្ត។ នេះគឺជាការបញ្ជាក់ទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
សរុបមក ត្រូវបង្កើនឱ្យមានការយល់ដឹងអំពីសុខភាពផ្លូវចិត្ត រហូតដល់ការបង្កើនលទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាព និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

៤. តើវាមានផលប៉ះពាល់អ្វីខ្លះ?
មនុស្សស្ទើរតែ ៨00 000 នាក់បានសម្លាប់ខ្លួនជារៀងរាល់ឆ្នាំ ហើយការធ្វើអត្តឃាតគឺជាមូលហេតុធំបំផុតទីពីរនៃការស្លាប់ក្នុងចំណោមមនុស្សដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំនៅទូទាំងពិភពលោក។
នៅសហរដ្ឋអាមេរិក ២00លានថ្ងៃនៃពេលវេលាធ្វើការត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារជំងឺធ្លាក់ទឹកចិត្ត។ ចំណែកឯនៅក្នុងចក្រភពអង់គ្លេស ភាពតានតឹង ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍មានចំនួន ៤៤% នៃករណីសុខភាពដែលទាក់ទងនឹងការងារ និង ៥៤% នៃថ្ងៃធ្វើការទាំងអស់បានបាត់បង់ដោយសារតែសុខភាពមិនល្អ។ ការស្រាវជ្រាវសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកបានប៉ាន់ប្រមាណថា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០៣០ ជំងឺផ្លូវចិត្តនឹងធ្វើឱ្យបាត់បង់ប្រាក់ប្រមាណ ១៦ពាន់ពាន់លានដុល្លារ នៃទិន្នផលសេដ្ឋកិច្ចទូទាំងពិភពលោក។

៥. តើមនុស្សទាំងអស់គ្នាត្រូវធ្វើដូចម្ដេច?
វឌ្ឍនភាពនៃផែនការសកម្មភាពសុខភាពផ្លូវចិត្តឆ្នាំ ២០១៣-២០២០ របស់អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានសេវាថែទាំសុខភាពផ្លូវចិត្ត និងការថែទាំសង្គមដ៏ទូលំទូលាយដែលត្រូវបានផ្តល់ជូនដល់សហគមន៍ គឺនៅមានភាពមិនស្មើគ្នា ហើយថ្មីៗនេះអង្គការសុខភាពពិភពលោកបានពន្យារពេលដល់ឆ្នាំ ២០៣០ ។
របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក A Global Framework for Youth Mental Health និយាយថា៖ “ពន្លកបៃតងនៃធនធានមនុស្សកំពុងលូតលាស់ផ្អែកលើសុខភាពផ្លូវចិត្ត” ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលមានគំរូនៃការថែទាំ និងបង្ហាញផ្លូវល្អដល់ពួកគេ។