2026-03-19 09:35
18

ស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចេញសេចក្ដីបំភ្លឺជាផ្លូវការ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយលើបណ្តាញសង្គម ដែលចោទប្រកាន់ថា «នាយប៉ុស្តិ៍ពពែត បាញ់មនុស្សបាក់ភ្លៅ ហើយបិទបញ្ចប់រឿងដោយស្ងាត់ៗ» ដោយបញ្ជាក់ថា ជា «ការប្រើប្រាស់អាវុធនោះ គឺធ្វើឡើងក្នុងស្ថានភាពការពារខ្លួន»។

តាមការបំភ្លឺ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានស្ត្រីម្នាក់ ឈ្មោះ ញឹម ចន្ទី បានរាយការណ៍ថា បុរសឈ្មោះ គង់ ដា បានចូលទៅក្នុងផ្ទះរបស់ខ្លួន បង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ បន្ទាប់ពីទទួលព័ត៌មាន នាយប៉ុស្តិ៍នគរបាលឃុំពពែត និងកម្លាំងពាក់ព័ន្ធ បានចុះទៅដល់ទីតាំង និងត្រូវជនសង្ស័យប្រើកាំបិតវាយប្រហារ បណ្ដាលឲ្យនាយប៉ុស្តិ៍រងរបួស។

ក្រោយមក នៅថ្ងៃទី១៦ ខែមីនា សមត្ថកិច្ចបានចុះទៅផ្ទះជនសង្ស័យ ដើម្បីអប់រំណែនាំ ប៉ុន្តែជនសង្ស័យបានកាន់ពូថៅ និងព្យាយាមវាយប្រហារលើសមត្ថកិច្ចម្តងទៀត។ ក្នុងស្ថានភាពគ្រោះថ្នាក់នោះ លោកនាយប៉ុស្តិ៍បានស្រែកបន្លប់ថា “កុំចូលៗប្រយត្ន័ពូបាញ់” ប៉ុន្តែជនសង្ស័យមិនស្តាប់ និងរត់ចូលមករកកាប់លោកនាយប៉ុស្តិ៍ម្តងទៀតទើបនាយប៉ុស្តិ៍បានបាញ់ព្រមាន ចំនួន ០២ គ្រាប់ ប៉ុន្តែជនសង្ស័យមិនឈប់ ហើយបន្តវាយប្រហារមួយគ្រាប់ទៀតបណ្ដាលឲ្យត្រូវចំជើងខាងស្តាំតែម្តង។

បន្ទាប់ពីហេតុការណ៍នេះ សមត្ថកិច្ច និងក្រុមគ្រួសារ បានដឹកជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ហើយភាគីគ្រួសារបានស្នើសុំបញ្ចប់រឿងដោយមិនប្ដឹងផ្តល់។ ពេលនោះ ឈ្មោះ គង់ វ៉ាន់ ត្រូវជាបងប្រុសបង្កើតរបស់ឈ្មោះ គង់ ដា បាន សំណូមពរសមត្ថកិច្ចបញ្ចប់រឿងហេតុមិនប្តឹងផ្តល់ ដោយយល់ថា ប្អូនប្រុសរបស់ខ្លួនបានចាក់លោកនាយប៉ុស្តិ៍បណ្តាល ឱ្យរងរបួសដោះខាងស្តាំ ហើយរឿងដែលលោកនាយប៉ុស្តិ៍បាញ់ត្រូវប្អូនប្រុសខ្លួន រងរបួសជើងខាងស្តាំ ក៏ក្នុងស្ថានភាព ការពារខ្លួនផងដែរ។

អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារ បានបញ្ជាក់ថា ជនសង្ស័យ គឺជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបង្កហិង្សាជាញឹកញាប់ក្នុងសហគមន៍។ សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា នាយប៉ុស្តិ៍មិនបានស្ថិតក្រោមឥទ្ធិពលសារធាតុស្រវឹងនៅពេលប្រតិបត្តិការនោះឡើយ។

បច្ចុប្បន្ន លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍ពពែត កំពុងត្រូវបានសាកសួរ និងស្រាវជ្រាវបន្ថែម ដើម្បីធានាការអនុវត្តតាមនីតិវិធីច្បាប់។

អធិការដ្ឋាននគរបាលស្រុកស្វាយទាប ក៏បានអំពាវនាវឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ផ្តល់ព័ត៌មានត្រឹមត្រូវ និងសហការជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម៕