កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី សរុបចំនួន ១៦នាក់ និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ១៧ កញ្ចប់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចន្លោះថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះសំណាក់យីហោ «ហ្គោលអន» ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៦ នាក់ មានបុរស ១១ នាក់ និងស្រី 0៥ នាក់ ហើយក្នុងនោះមានអ្នកវិជ្ជមានសារធាតុញៀន ចំនួន ១៥ នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៤៤ឆ្នាំ។ មួយក្នុងចំណោមពួកគេ គឺជាមេការផ្ទះសំណាក់ផងដែរ។
ជនសង្ស័យមានទីលំនៅនៅស្រុកស្អាង ១២នាក់ ស្រុកកោះធំ 0៣នាក់ និងស្រុកព្រៃកប្បាស់ ខេត្តតាកែវ 0១នាក់។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១៧ កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន បារីអេឡិចត្រូនិច ០៤ ដើម រថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0231 ទូរសព្ទដៃ ០៧ គ្រឿង និងម៉ូតូ ចំនួន ០៤ គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះអនុវត្តឡើងបន្ទាប់ពីមានការតាមដាន ស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្តាល និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន។
ជាលទ្ធផល កម្លាំងបានចូលបង្ក្រាបនៅបន្ទប់ជាច្រើនក្នុងផ្ទះសំណាក់ និងឃាត់ខ្លួនជនសង្ស័យបាន ១៥ នាក់ ជាមុន មុននឹងបន្តឃាត់ខ្លួនបន្ថែមម្នាក់ទៀតនៅស្រុកកោះធំ នៅថ្ងៃបន្ទាប់។
តាមការសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា គ្រឿងញៀនត្រូវបានទិញពីមុខសញ្ញាមួយចំនួននៅរាជធានីភ្នំពេញ ក្នុងតម្លៃចាប់ពី ៧៥ ម៉ឺនរៀល ដល់ ៣ លានរៀល មុនយកមករំលែក វេចខ្ចប់ និងជួញដូរបន្ត ព្រមទាំងប្រើប្រាស់ផ្ទាល់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕




