2026-03-15 13:42
11

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី ០១ ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

តាមសេចក្តីប្រកាសបានឲ្យដឹងថា អ្នកជំងឺមានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នៅក្នុងតំបន់នោះក៏មានការរាយការណ៍អំពីករណីមាន់ និងទាឈឺ និងងាប់ផងដែរ។

នៅថ្ងៃដែលរកឃើញករណីនេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល និងតាមដានស្ថានភាពសុខភាពយ៉ាងជិតស្និទ្ធ។ 

គ្រូពេទ្យបានផ្តល់ការព្យាបាលដោយឱសថ Tamiflu ព្រមទាំងផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់។

តាមការសាកសួររបស់ក្រុមជំនាញ បានបង្ហាញថា អ្នកជំងឺមានការចិញ្ចឹមមាន់ និងទាកាប៉ា នៅផ្ទះ ហើយក្នុងចំណោមនោះមានមាន់មួយចំនួនបានឈឺ និងងាប់។ ប្រហែល៣ថ្ងៃមុនពេលរកឃើញវិជ្ជមាន អ្នកជំងឺបានប៉ះពាល់ទៅនឹងមាន់ដែលងាប់ទាំងនោះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងបន្តស្រាវជ្រាវរកប្រភព និងតាមដានអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ។ 

ព្រមជាមួយនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងប៉ះពាល់សត្វបក្សីដែលឈឺ ឬងាប់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរឬមន្ត្រីសុខាភិបាលជាបន្ទាន់ ប្រសិនបើមានសញ្ញាសង្ស័យ៕