2026-03-15 13:31
3

អូស្ត្រាលី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ ១៥០ នាក់ ដែលរស់នៅក្នុងទីក្រុង Canberra, Sydney, Melbourne និង Adelaide នៃប្រទេសអូស្ត្រាលី។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ការសួរសុខទុក្ខនេះបានបង្ហាញពីស្មារតីយកចិត្តទុកដាក់ និងការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខ្មែរ ទោះបីរស់នៅទីណាក៏ដោយ ដោយបញ្ជាក់ពីគោលការណ៍ថា «មិនដែលបោះបង់បងប្អូនណាម្នាក់ឡើយ» ព្រោះប្រជាជនកម្ពុជាគ្រប់រូប គឺជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានវិវត្តទៅជាភាពជាដៃគូដ៏ចាស់ទុំ និងទំនើប ដែលត្រូវបានកសាងលើមូលដ្ឋាននៃចំណងការទូតអស់រយៈពេលជាង ៧៤ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៥២ មក»។ 

លោកក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីជាលើកដំបូង ក្នុងនាមជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសអូស្ត្រាលី រួមមាន ប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ។ ជំនួបទាំងនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការជំរុញអាទិភាពផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បន្តការពារអធិបតេយ្យជាតិយ៉ាងសកម្ម តាមរយៈការត្រៀមខ្លួនរួចជាស្រេចទាំងផ្នែកយោធា ការទូត និងផ្លូវច្បាប់។ 

លោកបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាព និងការគាំទ្ររបស់សហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី ដែលជាកម្លាំងលើកទឹកចិត្តដ៏សំខាន់ដល់កងទ័ពជួរមុខ និងជួយពង្រឹងស្មារតីប្តេជ្ញារបស់ជាតិផងដែរ៕