2026-03-14 16:54
17

កំពង់ស្ពឺ៖ រោងចក្រកែច្លៃផ្លែស្វាយ របស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. មួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បាន ត្អូញ ត្អែរ ពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំង បញ្ហាទឹកស្អុយហូរ ពីទីតាំង រោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេស នៅ រដូវវស្សា។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិ ស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រ និងបានរលឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់មួយចំនួន រួមមាន៖ ក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់, ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល, ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅទីតាំង ដែលទទួលរងការបំពុល, ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ, ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន, ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ ឱ្យ ដាច់ដោយឡែក។

ករណីនេះក៏ជាការរំលឹកដល់ក្រុមហ៊ុនផលិត និងរោងចក្រផលិតអាហារថ្មីៗទាំងមូលថា ការគោរពច្បាប់បរិស្ថាន និងការគ្រប់គ្រងសំណល់ គឺជាចំណុចសំខាន់ក្នុងការរស់នៅជាមួយសហគមន៍និងការអភិវឌ្ឍប្រកបដោយចីរភាព៕