ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបង្កើនសកម្មភាពវាយប្រហារ និងការរំខានដល់ចរាចរណ៍នាវាពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រដ៏សំខាន់នេះ។ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា កងកម្លាំងម៉ារីនដែលត្រូវផ្ញើទៅនោះ គឺជាកងកម្លាំងឆ្លើយតបរហ័ស ដែលអាចអនុវត្តប្រតិបត្តិការយោធា និងការពារសុវត្ថិភាពផ្លូវដឹកជញ្ជូនសមុទ្រ។
ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយរបស់ពិភពលោក ដែលប្រហែលជាមានប្រេង ជាង ២០ ភាគរយនៃការផ្គត់ផ្គង់ប្រេងពិភពលោកឆ្លងកាត់ទីនោះជារៀងរាល់ថ្ងៃ។ ដូច្នេះ ការរំខានណាមួយនៅតំបន់នេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពល និងសេដ្ឋកិច្ចពិភពលោក។
មន្ត្រីអាមេរិកបានអះអាងថា ការដាក់ពង្រាយកងម៉ារីនមានគោលបំណងការពារនាវាពាណិជ្ជកម្ម និងធានាសេរីភាពនៃការដឹកជញ្ជូនតាមសមុទ្រ ខណៈដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតានតឹងកាន់តែខ្លាំង។
បច្ចុប្បន្ននេះ កងទ័ពអាមេរិកកំពុងសហការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីតាមដានស្ថានភាព និងត្រៀមឆ្លើយតបចំពោះការគំរាមកំហែងណាមួយដែលអាចកើតមាននៅក្នុងតំបន់៕








