ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវស្តីពី «ការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពស្របច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា និងកិច្ចសន្ទនាអំពីវឌ្ឍនភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា» នៅ Hyatt Regency Phnom Penh។
កម្មវិធីនេះរៀបចំដោយ ROCK (អង្គការសហគមន៍ឥន្ទធនូរកម្ពុជា) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១៦០ នាក់។
ថ្លែងក្នុងពិធី លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធី និងថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី និង OHCHR Cambodia ដែលគាំទ្រយ៉ាងសកម្មលើប្រធានបទនេះ។ លោកបានគូសបញ្ជាក់ថា គ.ស.ម.ក. កំពុងលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងក្នុងពន្ធនាគារ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅកម្ពុជា ដូចជា ការកើនឡើងនៃភាពក្លាហានក្នុងការបង្ហាញអត្តសញ្ញាណ និងការថយចុះនៃការរើសអើងក្នុងសង្គម។
លោកបានបញ្ជាក់ថា «ការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា អាចនាំមកអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម រួមមាន ការសម្រួលសិទ្ធិស្មុំកូន កាន់កាប់ទ្រព្យសម្បត្តិ កែលម្អប្រព័ន្ធយុត្តិធម៌ បង្កើនការវិនិយោគ និងលើកតម្កើងកិត្តិយសជាតិលើឆាកអន្តរជាតិ»។
មុនបញ្ចប់ លោកបានបង្ហាញការគាំទ្រចំពោះទិសដៅធ្វើច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធ រួមមានអ្នកសារព័ត៌មាន សិល្បករ សិល្បការិនី និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិនេះនៅកម្ពុជា៕




