2026-02-14 12:48
9

កំពត៖ ស្នងការនគរបាលខេត្តកំពត បានប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈនេះ អំពីការផ្តល់ថវិកា ចំនួន ១ លានរៀល ជារង្វាន់លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋណាដែលផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ (scam online) នៅក្នុងភូមិសាស្ត្រខេត្ត។

តាមសេចក្តីប្រកាសរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋផ្តល់ព័ត៌មានអំពីទីតាំងស្នាក់នៅរបស់ជនបរទេស ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញថា មានការបង្កប់សកម្មភាពឆបោកតាមអនឡាញពិតប្រាកដ នោះសមត្ថកិច្ចនឹងផ្តល់ថវិកា ចំនួន ១ លានរៀល ជាការលើកទឹកចិត្ត និងធានារក្សាការសម្ងាត់ជូនអ្នកផ្តល់ព័ត៌មាន។

លោកស្នងការបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន។

សម្រាប់ការផ្តល់ព័ត៌មាន ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរសព្ទ +855 93 222 155 ដើម្បីរាយការណ៍ករណីសង្ស័យ ឬព័ត៌មានពាក់ព័ន្ធ៕