កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយ ឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការ បន្ថែមទៀត៕





