ព្រះសីហនុ៖ រោងចក្រកែច្នៃស្បែករបស់ ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការកែលម្អការគ្រប់គ្រងសំណល់រាវ តាមបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន បន្ទាប់ពីធ្លាប់មានការបញ្ចេញសំណល់រាវកខ្វក់ បង្កផលប៉ះពាល់ដល់បរិស្ថាននាពេលកន្លងទៅ។
យោងតាមការពិនិត្យរបស់ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា រោងចក្រនេះកំពុងសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលសម្រេចបានប្រហែល ៨០ភាគរយ ហើយ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
បច្ចុប្បន្ន រោងចក្របានផ្អាកដំណើរការផ្នែកផលិតកម្មដែលបង្កើតសំណល់រាវ ជាពិសេសផ្នែកក្រឡុក និងលាងសម្អាតស្បែក ដើម្បីទប់ស្កាត់ការបំពុលបន្ថែម។ ជាមួយគ្នានេះ ក្រុមការងារជំនាញមិនបានសង្កេតឃើញសំណល់រាវហូរចូលប្រឡាយធម្មជាតិ ដែលស្ថិតនៅក្បែរស្រះស្តុកដូចមុនទៀតឡើយ។
តំណាងរោងចក្រ បានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថានឲ្យបានល្អប្រសើរ ដោយធ្វើការដកបំពង់ទុយោខ្មៅចេញពីស្រះស្តុកចុងក្រោយ ដើម្បីធានាមិនឲ្យមានទឹកកខ្វក់ហូរចេញមុនពេលដំណើរការផលិតកម្ម និងប្រព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវឡើងវិញ។
លើសពីនេះ រោងចក្របានយល់ព្រមបន្តអនុវត្តវិធានការបន្ថែម ដោយបំពាក់អាងបឋមសម្រាប់ធ្វើការដក ឬសម្អាតសារធាតុអំបិល និងអាស៊ីតចេញជាមុន មុននឹងឆ្លងទៅដំណាក់កាលសម្អាតពេញលេញ ស្របតាមបច្ចេកទេសនៃការកែច្នៃស្បែក។
ជាមួយនឹងវិធានការកែលម្អទាំងនេះ ក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយដែលបានគោរពច្បាប់ និងបទដ្ឋានបរិស្ថាន ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការបំពុល បង្កើនតុល្យភាពបរិស្ថាន និងការពារសុខភាពសាធារណៈនៅកម្ពុជា៕




