បាត់ដំបង៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះមុខ តម្រូវឱ្យក្រុមហ៊ុន គិរីដងរែក ដែលទទួលម៉ៅការលើគម្រោងទឹកស្អាត និងអនាម័យរបស់ក្រុងបាត់ដំបង អនុវត្តការទប់ស្កាត់ការបំពុលបរិស្ថាន ឱ្យបានត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានករណីភ្លើងឆេះទុយោទឹកនៅទីតាំងស្តុក ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
យោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់វិធានការបន្ទាន់ ដោយតម្រូវឱ្យក្រុមហ៊ុនចាប់ផ្តើមរៀបចំ ទំនប់ព័ទ្ធទីតាំងសំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ មិនឱ្យហូរចូលដីស្រែរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានភ្លៀងកក់ខែ។
ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់សព្វគ្រប់ ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនសំណល់ទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាមខេត្តបាត់ដំបង។
តំណាងក្រុមហ៊ុនបានឯកភាពអនុវត្តវិធានការបច្ចេកទេសតាមកាលបរិច្ឆេទដែលបានកំណត់ ដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលដៅធ្វើឱ្យប្រទេសកម្ពុជា មានភាពស្អាត បៃតង ប្រជាជនមានសុខភាពល្អ និងអភិវឌ្ឍប្រកបដោយចីរភាព៕




