2026-01-12 13:05
7

យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលលបចូលក្នុងដែនដីរបស់មេដឹកនាំ គីម ជុងអ៊ុង កំពុងបង្ករភាពវឹកវររវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ខណៈដ្រូនខាងលើនៅមិនទាន់អាចកំណត់អត្តសញ្ញាណអ្នកបង្ហោះបាននៅឡើយ។

តាម Reuter ជុំវិញការចោទប្រកាន់របស់កូរ៉េខាងជើង ដែលបានប្រទះឃើញយន្តហោះគ្មានមនុស្សបើកដែលលបចូលប្រទេសរបស់ខ្លួន និងអះអាងថាជាការប្រព្រឹត្តរបស់កូរ៉េខាងត្បូងនោះ ប្រធានាធិបតី Lee Jae Myung បានចេញមុខប្តេជ្ញាថា លោកនឹងធ្វើការស៊ើបអង្កេតយ៉ាងឆាប់រហ័សបំផុតទៅលើករណីនេះ ដោយប្រធានាធិបតីរូបនេះបានអះអាងកាលពីថ្ងៃសៅរ៍ថា ប្រសិនបើយន្តហោះគ្មានមនុស្សបើក ត្រូវបានដំណើរការឡើងដោយជនស៊ីវិលណាមួយ នោះវាគឺជា "ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ" ដែលគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ។

គួរឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ យោធាកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានប្រព្រឹត្ត "ទង្វើបង្កហេតុ" ដោយការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលក្នុងទឹកដីរបស់ពួកគេ។ 

ប៉ុន្តែការតឹកសរសៃរកបានកើតឡើងភ្លាមៗរវាងកូរ៉េទាំងពីរ ក្រោយយោធាកូរ៉េខាងត្បូងបដិសេធថា ពួកគេមិនបានដំណើរការគំរូយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រតិបត្តិការណាមួយដូចដែលកូរ៉េខាងជើងបានចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ មករា ដើមឆ្នាំ២០២៦ កន្លងទៅ កូរ៉េខាងជើងទើបតែបង្ករភាពតានតឹងជាមួយនិងជប៉ុន ក្រោយមេដឹកនាំផ្ដាច់ការរបស់ប្រទេសនេះ បានធ្វើសមយុទ្ធបាញ់មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងពីរគ្រាប់ ធ្លោយចូលសមុទ្រជប៉ុន ដែលបណ្ដាលឲ្យរដ្ឋាភិបាលជប៉ុនក្ដៅស្លឹកត្រចៀក ទ្រាំមិនបានក៏ដាក់ពាក្យប្ដឹងកូរ៉េខាងជើងភ្លាមៗ។ 

ក្រោយការតឹកសរសៃរកជាមួយជប៉ុន មិនទាន់បន្ថយសំឡេងស្ងាត់ទាំងស្រុងផង ថ្មីៗនេះ កូរ៉េខាងជើងស្រាប់តែមានភាពតានតឹងកើតឡើងជាថ្មីម្ដងទៀតជាមួយកូរ៉េខាងត្បូង ខណៈឫសគល់បញ្ហាដ្រូនមួយនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងពីកូរ៉េខាងត្បូងនៅឡើយ៕