2026-01-10 10:49
21

លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ផានីច (Natthaphon Nakpanich) រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ បានប្រកាសថា កងកម្លាំងយោធាថៃ នៅតាមព្រំដែន កម្ពុជា-ថៃ នឹងបន្តដាក់ពង្រាយយ៉ាងហោចរយៈពេលមួយឆ្នាំទៀត រហូតដល់ស្ថានការណ៍មានស្ថិរភាព។ លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ កាលពីថ្ងៃទី០៩ ខែមករា ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ ណាត់ថាផុន បានថ្លែងថា ស្ថានភាពព្រំដែនស្ថិតក្រោមការគ្រប់គ្រង ដោយមានការតាមដាន ២៤ម៉ោង កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសថៃ។ 

លោកក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយប្រព័ន្ធឃោសនាថៃ Thai Enquirer។

ដើម្បីពង្រឹងសន្តិសុខ យោធានឹងអនុវត្តវិធានការរួមបញ្ចូលគ្នា៖ របងអេឡិចត្រូនិចជាមួយ CCTV នៅតំបន់ខ្លះ ហ៊ុមព័ទ្ធអចិន្ត្រៃយ៍នៅតំបន់ផ្សេងទៀត និងការដាក់ពង្រាយអតីតយុទ្ធជនយោធា ដើម្បីជួយត្រួតពិនិត្យតំបន់ហាមឃាត់ពីមុន។ ផ្នែកខ្លះក៏អាចត្រូវបានអភិវឌ្ឍជាតំបន់ទេសចរណ៍ផងដែរ។

លោករដ្ឋមន្ត្រី Natthaphon បានកត់សម្គាល់ថា កងកម្លាំងនឹងផ្តោតលើការគ្រប់គ្រងតំបន់សំខាន់ៗ។ ការគ្របដណ្តប់ពេញលេញនៃព្រំដែនប្រវែង ៧៩៨ គីឡូម៉ែត្រ គឺមិនអាចទៅរួចទេ ដូច្នេះយោធាថៃនឹងផ្តោតសំខាន់ទៅលើតំបន់យុទ្ធសាស្ត្រ និងតំបន់ដែលត្រូវបានចាត់ទុកថាមានភាពងាយរងគ្រោះជាងគេ។

ពាក់ព័ន្ធការប្រកាសរបស់រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្នុងការរក្សាកម្លាំងយោធា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រសួងការពារជាតិកម្ពុជា មិនទាន់មានប្រតិកម្មឆ្លើយនៅឡើយទេ ដោយក្រសួងអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មាន ដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានពិត៕