ភ្នំពេញ៖ លទ្ធផលមួយសំខាន់ ដែលបានបង្ហាញចេញពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺការទាមទារឱ្យមាន «ការរៀបចំមុខងារបណ្តុះបណ្តាល» របស់គ្រឹះស្ថានបណ្តុះបណ្តាលចំណុះក្រសួង ស្ថាប័ននីមួយៗ ឱ្យមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងសមស្របតាមបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្រោយពីអនុវត្តការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកការងារកែទម្រង់រដ្ឋបាលសាធារណៈ បានរកឃើញស្ថានភាពជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការសិក្សា ពិភាក្សា និងកែលម្អបន្ថែម។ នេះជាការលើកឡើងរបស់ លោក យល់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួង។
ក្រៅពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាការរៀបចំអគ្គលេខាធិការដ្ឋាន និងមុខងារគាំទ្រផ្សេងៗ ដែលជាលទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្រុមការងារវិភាគមុខងារ បានសង្កេតឃើញសញ្ញាសំខាន់មួយទៀត គឺការរៀបចំមុខងារបណ្តុះបណ្តាលរបស់គ្រឹះស្ថានបណ្តុះបណ្តាលនៅតាមក្រសួង ស្ថាប័ន។
តាមការសិក្សារបស់ក្រុមការងារបច្ចេកទេស បានរកឃើញថា មានក្រសួង និងស្ថាប័នមិនតិច ជាង ២៧ ដែលមានគ្រឹះស្ថានបណ្តុះបណ្តាលចំណុះរបស់ខ្លួន។ ក្នុងចំណោមគ្រឹះស្ថានទាំងនេះ មួយចំនួនកំពុងអនុវត្តការងារជាន់ភារកិច្ចគ្នា មានកម្មវិធីបណ្តុះបណ្តាលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ខ្វះការសម្របសម្រួល និងមិនគាំទ្រគ្នាទៅវិញទៅមក ខណៈការកំណត់សមត្ថកិច្ច មុខងារ និងរចនាសម្ព័ន្ធក៏មិនទាន់មានភាពច្បាស់លាស់។
ជាមួយគ្នានេះដែរ មានគ្រឹះស្ថានមួយចំនួនមិនបានអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ឬអនុវត្តមុខងារច្រើនក្នុងពេលតែមួយ ដែលបង្កការលំបាកក្នុងការធានាគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ព្រមទាំងបង្កើនបន្ទុកចំណាយលើបុគ្គលិក និងប្រតិបត្តិការប្រចាំថ្ងៃ។
ស្ថានភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាមូលហេតុសំខាន់ ដែលទាមទារឱ្យមានការសិក្សា និងពិភាក្សាយ៉ាងម៉ត់ចត់ ដើម្បីដាក់ចេញវិធានការកែលម្អទាំងរយៈពេលខ្លី និងរយៈពេលវែង ក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
គួរបញ្ជាក់ថា ការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានគោលបំណងពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់យកអភិក្រម «ពង្រឹងជាជាងពង្រីក»៕






