2026-01-03 16:13
26

បាត់ដំបង៖ នៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នៅចំណុច ប៉ុស្តិ៍ត្រួតពិនិត្យខ្ពស់លើបណ្តោយព្រំដែនទល់មុខ កម្ពុជា-ថៃ នៅតំបន់លេខ «៤០០» មានករណីសត្វដំរីព្រៃចំនួនមួយក្បាល បានព្យាយាមចូលមកក្នុងទឹកដីកម្ពុជា ដោយកាច់បារ៉ាស់ និងបន្លាលួសបំរុងឆ្លង ប៉ុន្តែត្រូវបានកម្លាំងប្រចាំការរុញច្រានឱ្យវិលត្រឡប់ទៅវិញ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងប្រចាំការព្រំដែនបានប្រតិបត្តិការយ៉ាងរហ័ស និងសហការយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ និងដេញសត្វដំរីព្រៃមកវិញ ទៅក្នុងទឹកដីថៃដោយសុវត្ថិភាព មិនឱ្យមានការខូចខាតដល់ប្រជាជន និងទ្រព្យសម្បត្តិក្នុងតំបន់កម្ពុជា។

វាជាករណីមួយបង្ហាញពីសារសំខាន់នៃការសហការរវាងកម្លាំងប្រចាំការព្រំដែន និងអង្គការអន្តរជាតិ ដើម្បីគ្រប់គ្រងសត្វព្រៃ និងការពារសន្តិសុខព្រំដែន។ អាជ្ញាធរខាងកម្ពុជា បានគ្រប់គ្រងស្ថានភាព និងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថា ព្រឹត្តិការណ៍ដូចនេះមិនបង្កផលប៉ះពាល់ដល់សង្គម និងធនធានធម្មជាតិនៅតំបន់៕