2026-01-03 16:09
22

ការប្រតិបត្តិការយោធា ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ព្រំដែនកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនត្រឹមតែជាការរំលោភសន្តិភាពទេ ប៉ុន្តែវាជាការបង្ហាញពីបំណងច្បាស់លាស់ក្នុងការបំពានយកទឹកដីកម្ពុជា ដោយប្រើកម្លាំង និងអំពើហិង្សា។ 

ការឈរជើង និងការគ្រប់គ្រងតំបន់ដែលមានសម្បទានៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកូន ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ គឺបង្ហាញពីការរំលោភគោលការណ៍អធិបតេយ្យ និងសិទ្ធិស៊ីវិលដែលត្រូវបានសម្រេចក្នុងសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។

អំពើវាយកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានបង្ហាញថា ប្រទេសថៃមិនគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សទេ។ វាជាការរំលោភយ៉ាងច្បាស់លាស់ នៃមាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មាត្រា ៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងមាត្រា ៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧។ អំពើទាំងនេះ បង្កការព្រួយបារម្ភជ្រាលជ្រៅចំពោះសន្តិភាពតំបន់ និងជាហានិភ័យយ៉ាងធ្ងន់សម្រាប់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។

កម្ពុជាត្រូវតែបង្ហាញកម្លាំងនយោបាយ និងតវ៉ារឹងមាំ ដើម្បីការពារទឹកដី និងសិទ្ធិជនស៊ីវិលរបស់ប្រជាជនខ្លួន។ ការស្តារសន្តិភាព និងការការពារអធិបតេយ្យទឹកដីមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច និងសិទ្ធិសម្រាប់ការរស់នៅយូរអង្វែង។ 

សហគមន៍អន្តរជាតិត្រូវចូលរួមជំរុញឱ្យសមភាគីថៃ ឱ្យគោរពកាតព្វកិច្ច និងច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់អំពើបំពាន និងធានាសន្តិភាពយូរអង្វែងក្នុងតំបន់។

ការតវ៉ារឹងមាំរបស់កម្ពុជា ជាការព្រមានយ៉ាងច្បាស់ថា “ខ្សែព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង” និងការពារទឹកដី គឺជាអាទិភាពជាតិដែលមិនអាចច្រានចោលបាន។

ដូច្នេះមានការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទតាមសន្តិវិធីប៉ុណ្ណោះ សន្តិភាពនឹងអាចស្ថិតនៅក្នុងតំបន់ព្រំដែនកម្ពុជា និងថៃ បានយូរអង្វែង និងមានស្ថិរភាព៕