ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ ៣ ត្រង់ចំណុច មុខវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រឿន ពិសី អាយុ ១៧ឆ្នាំ មុខរបរ កម្មករោងចក្រ មានទីលំនៅភូមិចន្លាត់ដៃ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត ឈ្មោះ គឹង រ៉េត អាយុ ១៨ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិអូរសង្កែ ឃុំព្រៃគ្រេស ស្រុកមេសាង ខេត្តព្រៃវែង រងរបួសស្រាល។
ចំណែករថយន្តបង្ក គឺរថយន្តម៉ាក Hyundai ពណ៌ស ប្រភេទឃ្លុបដឹកទំនិញ ពាក់ស្លាកលេខ ព្រៃវែង 3A-0384 បើកបរដោយឈ្មោះ តាប ណេ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 1F-0486 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ដើម្បីទៅសុំច្បាប់រោងចក្រនៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកបរមកពីក្រោយក្នុងល្បឿនលឿន បុកពេញទំហឹង បណ្ដាលឲ្យអ្នកអង្គុយពីក្រោយខ្ទាតធ្លាក់ចូលក្រោមកង់រថយន្ត និងត្រូវកិនស្លាប់ភ្លាមៗ ខណៈអ្នកបើកម៉ូតូរងរបួសស្រាល។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ និងព្យាយាមរត់គេច ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាម និងឃាត់បាននៅត្រង់ភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ សួរនាំតាមនីតិវិធី។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងនាំយករថយន្ត ម៉ូតូ ព្រមទាំងអ្នកបើកបរទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ខណៈសពជនរងគ្រោះត្រូវបានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕







