2026-01-02 19:27
13

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពី ការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃ ជូនតំណាង ចំនួន ២៥ រូប មកពី ស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ ចំនួន ២២ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

បទបង្ហាញនេះ បានផ្តោតលើបញ្ហាសំខាន់ៗចំនួនបី រួមមាន៖ ១) សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា-ថៃ-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និង ទី៣) ការដោះលែងយោធិនកម្ពុជា ចំនួន ១៨ រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃ ចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំង ការខូចខាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលបណ្តាលមកពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដីអធិបតេយ្យ និងតំបន់ជនស៊ីវិលរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ពីបណ្តាប្រទេសជាមិត្ត ដែលបាននិងកំពុងផ្តល់ជូនកម្ពុជា ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រជំនួយទាំងដោយផ្ទាល់ ឬតាមរយៈអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕