2025-12-31 15:03
6

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយនៅថ្ងៃអង្គារថា ដោយសារតែស្ថានភាពរដ្ឋាភិបាលថៃ កំពុងស្ថិតក្នុងស្ថានភាពចាំផ្ទះ និងដោយសារតែមានមីននៅតាមតំបន់ព្រំដែនដែលនៅតែបង្កគ្រោះថ្នាក់។ ដូច្នេះ កម្ពុជា-ថៃ មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់រៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua។

លោក Nikorndej បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា ការស្នើសុំអំពីការរៀបចំកិច្ចប្រជុំ JBC ត្រូវបានភាគីកម្ពុជា លើកឡើងតាំងមុនកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោកបានបន្ថែមថា ស្ថានភាពបច្ចុប្បន្នមានការផ្លាស់ប្តូរ ការស្នើសុំកិច្ចប្រជុំ JBC ត្រូវការចាំបាច់ធ្វើការពិចារណាឡើងវិញ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបន្ថែមទៀតថា ដោយសារតែរដ្ឋាភិបាលថៃ កំពុងស្ថិតក្នុងអាណត្តិចាំផ្ទះ វាអាចមិនមានសមត្ថភាពក្នុងការតែងតាំងតំណាងសមស្រប ដើម្បីចូលរួមពិភាក្សាអំពីការកំណត់ព្រំដែនបានឡើយ។

លោក Nikorndej ក៏បានលើកឡើងថា ដោយសារតែមានមីនច្រើននៅតំបន់ព្រំដែន ភាគីទាំងពីរមិនអាចធ្វើការអង្កេត ឬការងារកំណត់ព្រំដែនបានឡើយ។ លោកបានបញ្ជាក់ថា ត្រូវតែមានយន្តការដោះមីនចេញឲ្យច្បាស់លាស់ជាមុនសិន ទើបអាចរៀបចំកិច្ចប្រជុំ JBC បាន។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានផ្ញើសារកំណត់ការទូតទៅកាន់ភាគីថៃ ដើម្បីស្នើឱ្យមានការរៀបចំកិច្ចប្រជុំបន្ទាន់ របស់គណៈកម្មាធិការរួមកម្ពុជា-ថៃ សម្រាប់ការកំណត់ការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕