ព្រំដែន៖ ការអនុវត្ត «បទឈប់បាញ់» រយៈពេល ៧២ ម៉ោង ពេញលេញ បានឈានចូលមកដល់នៅវេលា ម៉ោង ១២ និង ០០ នាទី ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសដ៏សំខាន់នេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ កំពុងទន្ទឹងរង់ចាំដោយអន្ទះសារ ថាតើ ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជា ចំនួន ១៨ រូប ឱ្យវិលត្រឡប់មកមាតុភូមិវិញ នៅពេលណា។
ការរង់ចាំនេះ បានអូសបន្លាយអស់រយៈពេល ១៥៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលវីរកងទ័ពកម្ពុជា ត្រូវបានចាប់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតការព្រួយបារម្ភ និងការឈឺចាប់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជា។
មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការអនុវត្តបទឈប់បាញ់ពេញលេញ គួរត្រូវបានអមដោយ វិធានការមនុស្សធម៌ និងការគោរពច្បាប់អន្តរជាតិ ជាពិសេសការដោះលែងបុគ្គលយោធាដែលត្រូវបានឃាត់ខ្លួន ដើម្បីបង្ហាញពីស្មារតីសន្តិភាព និងការកាត់បន្ថយភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។
ក្នុងបរិបទនេះ សង្គមកម្ពុជាកំពុងតាមដានយ៉ាងជិតស្និទ្ធនិងសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង១៨រូប នឹងត្រូវបានដោះលែងឱ្យបានឆាប់រហ័សដើម្បីអាចវិលត្រឡប់មកជួបជុំគ្រួសារ និងបន្តជីវិតដោយសន្តិភាព នៅក្រោមដំបូលមាតុភូមិវិញ។
សូមបញ្ជាក់ថា ត្រង់ចំណុចទី ១១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា “ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជា ចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញ ក្នុងរយៈពេល ៧២ ម៉ោង”។
ពេលនេះ ការគោរពបទឈប់បាញ់បានពេញលេញ ៧២ ម៉ោងហើយ ប៉ុន្តែ ភាគីថៃនៅមិនទាន់ដោះលេងវីរៈកងទ័ពកម្ពុជាទាំង ១៨ រូប នៅឡើយទេ និងមិនទាន់មានការជូនដំណឹងសារជាថ្មី មកឱ្យកម្ពុជាអំពីមូលហេតុនៃការយឺតយ៉ាវនោះទេ។
កម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង ១២និង០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធារបស់ភាគីម្ខាងទៀត។
ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬ ធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ចំពោះការដោះលែងយោធិនកម្ពុជា ចំនួន ១៨ នាក់ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយនៅថ្ងៃទី៣០ ខែធ្នូ នេះថា នឹងធ្វើតាមការសន្យាស្របតាមបទឈប់បាញ់ដែលអនុវត្តពេញលេញក្នុងរយៈពេល ៧២ ម៉ោង ដែលបានព្រមព្រៀងគ្នា ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់ khaosod។
ទាក់ទងនឹងការរកឃើញនាពេលថ្មីៗនេះ មានដ្រូនប្រហែល ២៥០ គ្រឿង នៅតាមព្រំដែន និងឧប្បត្តិហេតុដែលទាហានថៃម្នាក់ បានជាន់មីនប្រឆាំងមនុស្សជាលើកទី១១ លោក Sihasak បាននិយាយថា វាត្រូវតែផ្ទៀងផ្ទាត់ថាតើមីនចាស់ ឬថ្មី ហើយថាតើឧប្បត្តិហេតុទាំងនេះ នឹងប៉ះពាល់ដល់បទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែរឬទេ។
លោកបានកត់សម្គាល់ថា “បញ្ហាមួយដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) គឺការបង្កើតខ្សែទូរសព្ទបន្ទាន់ ដើម្បីការពារការយល់ច្រឡំគ្នាទៅវិញទៅមក”៕



