2025-12-30 08:02
6

កណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសជាជនសង្ស័យ ចំនួន ០៣ នាក់ ពាក់ព័ន្ធករណី “រំលោភបូក” លើនារីម្នាក់ អាយុ ១៦ ឆ្នាំ ជាថ្នូរកាត់កងប្រាក់ថ្លៃជួលបន្ទប់ផ្ទះសំណាក់ និងថ្លៃជិះម៉ូតូកង់បី (ផាសអាប់)។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នៅចំណុច ផ្ទះសំណាក់ បន្ទប់ លេខ B999 ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ (ស.ក.ក) អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡន មានទីលំនៅនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យទាំង ០៣ នាក់ រួមមាន៖ ទី១- ឈ្មោះ ប៊ឹន យ៉ា អាយុ ២២ឆ្នាំ (វិជ្ជមានសារធាតុញៀន) មុខរបរ មេការផ្ទះសំណាក់ ស្នាក់កន្លែងកើតហេតុ, ២- ឈ្មោះ ខុំ ខេង អាយុ ២០ឆ្នាំ (វិជ្ជមានសារធាតុញៀន) មុខរបរ មេការផ្ទះសំណាក់ ក់កន្លែងកើតហេតុ និងទី៣- ឈ្មោះ នន ចាន់ត្រា អាយុ ៣២ឆ្នាំ មុខរបរ អ្នករត់ម៉ូតូកង់បី (ផាសអាប់) ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូផាស់អាប់ (ម៉ូតូកង់បី) ០១ គ្រឿង ពណ៍ស ស្លាកលេខភ្នំពេញ 2LV- 9321, ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង, និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ នារីរងគ្រោះបានកក់ម៉ូតូកង់បី (ផាសអាប់) ធ្វើដំណើរចេញពីផ្ទះក្នុងខណ្ឌពោធិសែនជ័យ មកជួបសង្សារនៅក្រុងតាខ្មៅ ហើយបានចូលស្នាក់នៅផ្ទះសំណាក់ខាងលើ ដោយបានរួមមេត្រីម្តង។ 

បន្ទាប់ពីសង្សាររបស់នាងជិះកង់បីថាទៅទិញបាយដោយមិនត្រឡប់មកវិញ ខណៈនារីរងគ្រោះមិនមានលុយបង់ថ្លៃបន្ទប់ផ្ទះសំណាក់ មេការផ្ទះសំណាក់ ចំនួន ០២ នាក់ បានបង្ខំឲ្យនាងរួមភេទ ដើម្បីកាត់កងប្រាក់ជួលបន្ទប់។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ អ្នករត់ម៉ូតូកង់បី ក៏បានទាមទារថ្លៃជួល ចំនួន ១០ ម៉ឺនរៀល ហើយនៅពេលនារីរងគ្រោះមិនមានប្រាក់ ក៏បានបង្ខំឲ្យរួមភេទ ដើម្បីកាត់កងប្រាក់ដូចគ្នា។ បន្ទាប់រួមភេទលើកង់បីរួចពួកគេបានបែកគ្នាទៅផ្ទះរៀងៗខ្លួន។

លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៥ នារីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាប់ខ្លួនជនល្មោភកាមទាំង៣នាក់តែម្តង។

ក្រោយការឃាត់ខ្លួនមកសួរនាំសង្ស័យទាំង ០៣ នាក់ មានមេការផ្ទះសំណាក់២នាក់ អ្នករត់កង់បីម្នាក់ បានឆ្លើយសារភាពប្រាប់ថា៖ “ពួកគេពិតជាបានបង្ខំនារីរងគ្រោះរួមភេទជាថ្នូរនឹងការកាត់កងប្រាក់ជួលថ្លៃបន្ទប់ និងប្រាក់ជួលថ្លៃជិះម៉ូតូផាស់អាប់ពិតប្រាកដមែន”។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕