2025-12-10 14:01
16

ថៃ៖ សម្ដីខ្ជាក់មកហើយមិនអាចលេបវិញបានទេ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាប់ផ្ដើមរអានឹងអំណាចអាមេរិកបណ្ដើរៗហើយ ក្រោយបងធំ ត្រាំ ទើបតែប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ ថា លោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។

ក្រោយដឹងការប្រកាសរបស់មហាអំណាចអាមេរិក មុននេះបន្តិច ថ្ងៃទី១០ ខែធ្នូ នេះ ស្រាប់តែនាយករដ្ឋមន្ត្រីថៃខាងលើ បានផ្ដល់បទសម្ភាសន៍ថា កម្ពុជាមិនទាន់បានទាក់ទងទៅប្រទេសថៃដើម្បីចរចានៅឡើយទេ។ នេះបើតាមការចុះផ្សាយពី Khaosod។

យោងតាមការបង្ហើបពី លោក អានុទីន ខាងលើហាក់ព្យាយាមចង់ប្រាប់បងធំអាមេរិកដោយប្រយោល ដើម្បីជាការទម្លាក់បន្ទុកមកលើកម្ពុជាទាំងស្រុង ជុំវិញចង់បង្វែរសាច់រឿងថា កម្ពុជាជាអ្នកបំផ្លាញរាល់កិច្ចព្រមព្រៀងរវាងភាគីទាំងពីរកន្លងមក និងមិនចង់ចរចាដើម្បីសន្តិភាព។

ជារឿងដែលមិនចេះខ្មាស់អៀនទាល់តែសោះចំពោះ លោក អានុទីន ដែលហ៊ានលើកឡើងពីការដែលកម្ពុជាមិនបានទាក់ទងទៅលោកដើម្បីចរចាគ្នា ព្រោះបើក្រឡេកទៅមើលការប្រកាសក្ដែងៗ កាលពីថ្ងៃទី៨ ធ្នូ របស់នាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ថៃលែងខ្វល់ខ្វាយជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump ឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលធ្លាប់ធ្វើការសម្របសម្រួលសន្តិភាពថៃ-កម្ពុជាបន្តទៀតហើយ។ 

មិនតែប៉ុណ្ណោះ លោក Anutin ថែមទាំងនិយាយទាំងមិនញញើតមហាអំណាចអាមេរិកបន្ថែមថា ចាប់ពីពេលនេះទៅថៃមិនខ្លាចញញើត ពីផលប៉ះពាល់នៃការចរចាពន្ធ រឺការដាក់ទណ្ឌកម្មពន្ធគយពីសំណាក់សហរដ្ឋអាមេរិកបន្តទៀតឡើយ។ 

លើសពីនេះ យោងតាមការបង្ហោះពីបណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលតែងបោះពាក្យសម្ដីក្អេងក្អាងខាងលើមានខ្លឹមសារជាទម្ងន់ថា ផែនការរបស់ប្រទេសថៃ គឺប្រយុទ្ធនិងមិនមានបទឈប់បាញ់បន្តនោះទេ៕