2025-12-10 19:15
5

ភ្នំពេញ៖ ការប្រតិបត្តិការឈ្លានពានរបស់កងទ័ពថៃ តាមបណ្តោយបន្ទាត់ព្រំដែន កំពុងបន្តកើនឡើងយ៉ាងគួរឱ្យកង្វល់។ កងទ័ពថៃ បានបើកការវាយប្រហារមិនរើសគោលដៅលើតំបន់ជនស៊ីវិល ប្រាង្គប្រាសាទបុរាណ និងភូមិករខ្មែរដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល និងយន្តហោះចម្បាំង F-16 ដែលជាការរំលោភច្បាប់អន្តរជាតិ និងបទឈប់បាញ់ដែលទើបបានព្រមព្រៀងថ្មីៗនេះ។

ទង្វើបែបនេះបង្ហាញយ៉ាងច្បាស់ថា «ថៃមិនមែនជាម្ចាស់លើប្រាសាទតាក្របី និងប្រាសាទបុរាណផ្សេងទៀតឡើយ ព្រោះឥទ្ធិពលអាវុធ និងសកម្មភាពឈ្លានពានមិនអាចប្តូរព្រំដែនត្រឹមត្រូវនៅក្រោមច្បាប់អន្តរជាតិបានទេ»។

ការវាយប្រហាររបស់ថៃ ជាការបំពានលើស្មារតីនៃបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្តីពី សន្តិភាពកម្ពុជា-ថៃ ដែលមានលោកប្រធានាធិបតីដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី។

រដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមធ្វើអន្តរាគមន៍ និងចាត់វិធានការចាំបាច់ ដើម្បីជំរុញឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពាន និងត្រឡប់ទៅគោរពប្រែស្មារតីនៃសន្តិភាពជាផ្លូវការ។ កម្ពុជា បានបន្តបញ្ជាក់ថា សន្តិភាពគួរតែជាជម្រើសតែមួយគត់ ដើម្បីបញ្ចៀសការបង្ករំខាន និងការលេចធ្លោសង្គ្រាម ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនទាំងពីរភាគី៕