ពោធិ៍សាត់៖ កងការពារព្រំដែន Chanthaburi - Trat (BDF-CT) បានចេញសេចក្តីព្រមានបន្ទាន់ ដល់ពលរដ្ឋកម្ពុជា ដែលស្នាក់នៅជិតស្ពាន “មេទឹក” ក្នុងឃុំថ្មដា ស្រុកវាងវែង ខេត្តពោធិ៍សាត់ ឱ្យជម្លៀសចេញពីតំបន់នេះក្នុងរយៈពេល ៣ម៉ោង ព្រោះខ្លួនមានផែនការកម្ទេចកាត់ផ្តេចស្ពានហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ខណៈកងកម្លាំងរបស់យើង កំពុងឈរជើងយ៉ាងរឹងមាំតទល់ប្រយុទ្ធ ដើម្បីការពារប្រជាពលរដ្ឋ អធិបតេយ្យ និងបរណភាពទឹកដីកម្ពុជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
តាមសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន និងកន្លែងបម្រើសេវាសាធារណៈ ស្ថិតក្នុងឃុំថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មួយចំនួន ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់ផ្លោងធុនធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ បាញ់ស្រោចដូចទឹកភ្លៀង។ កងទ័ពឈរជើងសមរភូមិជួរមុខរបស់កម្ពុជា បានប្រើសិទ្ធិការពារខ្លួន ដោយបាញ់ឆ្លើយតបទៅវិញ មិនអនុញ្ញាតិឱ្យយោធាថៃ ធ្វើតាមអំពើចិត្តបានឡើយ។
យោធាថៃ បានបង្ហាញរបាយការណ៍ថា កងទ័ពកម្ពុជា កំពុងប្រើប្រាស់ស្ពាន “មេទឹក” សម្រាប់ដឹកជញ្ជូនគ្រឿងសព្វាវុធដែលបង្កការគំរាមកំហែងដល់អធិបតេយ្យភាពថៃ ដើម្បីបង្ការផ្លូវផ្គត់ផ្គង់ និងទប់ស្កាត់ការផ្ទេរសម្ភារៈ យោធា កងកម្លាំងថៃ នឹងរៀបចំផែនការវាយកម្ទេចស្ពាននេះចោលតែម្តង។
នៅម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពការពារព្រំដែន Chanthaburi - Trat បានព្រមានឱ្យពលរដ្ឋខ្មែរដែលរស់នៅក្បែរបរិវេណស្ពានមេទឹក “ត្រូវជម្លៀសចេញក្នុងរយៈពេល៣ម៉ោង ដោយរក្សាគម្លាតសុវត្ថិភាព ជាង ១គីឡូម៉ែត្រកន្លះ ពីតំបន់ជុំវិញស្ពាន”។
ពាក់ព័ន្ធការព្រមានរបស់យោធាថៃ អំពីផែនការវាយផ្តេចស្ពាន “មេទឹក” នេះមិនទាន់មានប្រតិកម្មឆ្លើយតបពីក្រសួងការពារជាតិកម្ពុជា នៅឡើយទេ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ តាមដាន និងទទួលព័ត៌មានពិតពីផេកផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជា និងក្រសួងការពារជាតិ ដើម្បីចៀសវាងទទួលបាននូវព័ត៌មានក្លែងក្លាយ៕





