2025-12-09 16:18
31

ថៃ៖    កាសែតថៃ The Nation ដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Auttapol Rerkpiboon ពេលនេះក្រសួងថាមពលបានត្រៀមរួចជាស្រេចសំរាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យគ្រប់គ្រាន់សម្រាប់យោធាថៃ និងសាធារណជនក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនថៃ-កម្ពុជា ហើយក៏កំពុងបង្កើតកន្លែងស្តុកប្រេងឥន្ធនៈពិសេសនៅក្នុងតំបន់សុវត្ថិភាពបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធាថៃ។

រដ្ឋមន្រ្តីថាមពលថៃ បន្ថែមថា ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងតំបន់ដែលមានហានិភ័យត្រូវបានបិទ ប៉ុន្តែស្ថានីយប្រេងឥន្ធនៈទាំងនោះនៅក្នុងតំបន់សុវត្ថិភាពនឹងត្រូវបានកំណត់ជាមជ្ឈមណ្ឌលសេវាកម្មប្រេងឥន្ធនៈសម្រាប់ប៉ូលីស យោធា និងជនស៊ីវិល។ លោកថាមិនចាំបាច់ព្រួយបារម្ភអំពីប្រេងឥន្ធនៈទេ ហើយទីតាំងស្តុកប្រេងឥន្ធនៈនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានរៀបចំក្នុងការផ្គតផ្គង់ក្នុងកម្រិតគ្រប់គ្រាន់ រយៈពេលយូរ សូមកុំបារម្មណ៍ និងបន្ថែមថាប្រេងឥន្ធនៈបម្រុងសម្រាប់យោធា ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយកម្ពុជានេះយ៉ាងហោចណាស់ ៤៥ ថ្ងៃ។

នៅក្នុងស្ថានភាពតានតឹងធ្ងន់ធ្ងរនេះ ក្រសួងថាមពលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីសម្រេចថាតើត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានពេញលេញនៅកន្លែងណា និងរបៀបណា។ ក្រសួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់អ្វីដែលយោធាត្រូវការ»។ រដ្ឋមន្រ្តីថាមពលថៃ ថា ការផ្គត់ផ្គង់ប្រេងរបស់ថៃនាពេលបច្ចុប្បន្ន ប្រហែលមិនទាន់ឈានដល់កម្រិតសង្រ្គាមពេញលេញនៅឡើយទេ ប៉ុន្តែអាទិភាពពេលនេះ គឺត្រូវធានាថាកងកម្លាំងប្រដាប់អាវុធមានអ្វីដែលពួកគេត្រូវការ។

នៅពេលសួរអំពីថាតើការដឹកជញ្ជូនប្រេងឥន្ធនៈតាមសមុទ្រទៅកាន់ប្រទេសកម្ពុជានឹងត្រូវបញ្ឈប់ឬអត់ រដ្ឋមន្រ្តីថាមពលថៃ បញ្ជាក់ថា បញ្ហានេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខ ព្រោះវាទាក់ទងនឹងការពិចារណាប្រតិបត្តិការ និងយុទ្ធសាស្ត្រ៕