2025-12-10 08:58
16

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ "សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។
សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារ ថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។
ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាមី។ ខ្ញុំយល់ថាជាសំណូមពរនេះសមហេតុសមផល តែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយ និងការផ្តល់អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់ សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែក ជូនកងទ័ព ឬជនភៀសសឹក។
សម្រាប់ការវេចខ្ចប់ គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។
ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន!"។