2025-12-05 14:46
17

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩និង៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ ក្រសួងការពារជាតិកម្ពុជា (CLG)  បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពី លោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពី វឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង  នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃសុក្រនេះ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី០៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ 

ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣ គីឡូម៉ែត្រ ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង សរុបចំនួន ១៦៦ បង្គោលបណ្តោះអាសន្ន៕