2025-12-05 08:23
5

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានអង្គភាព CMAC រាជធានីភ្នំពេញ អគ្គនាយក CMAC លោក ហេង រតនា និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពី ការអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេសថ្មីមួយ។

MoU ថ្មីនេះ មានថវិកាគាំទ្រ ចំនួន ២៨១.៤៩០ ដុល្លារអាមេរិក សម្រាប់អនុវត្តក្នុងរយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ គម្រោងមានគោលដៅបោសសម្អាតផ្ទៃដីប្រហែល ៧.៥៦០.០០០ ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅ រួមមាន ខេត្តសៀមរាប និងខេត្តព្រះវិហារ។

លោក ហេង រតនា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាង CMAC និង APOPO មានអាយុកាល ជាង ១២ឆ្នាំមកហើយ និងបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការកាត់បន្ថយគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋតាមតំបន់ដែលរងផលប៉ះពាល់ដោយមីន និងសំណល់សង្គ្រាម។ 

លោកបានបន្ថែមថា ក្រៅពីការសហការបោសសម្អាតមីននៅក្នុងប្រទេស ក្រុមអ្នកជំនាញទាំងពីរមន្ត្រីក៏បានពង្រីកសហការទៅឆាកអន្តរជាតិ ដោយបញ្ជូនសុនខហិតមីនទៅជួយប្រទេសទួកគី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសផ្សេងៗទៀត។

ជាមួយនេះ CMAC និង APOPO ក៏បានបន្តគាំទ្រការផ្ទេរបច្ចេកទេស ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងបណ្តាប្រទេសដែលត្រូវការជំនួយ បង្ហាញពីតួនាទីរបស់កម្ពុជា ក្នុងជំនួយមនុស្សធម៌លើការលុបបំបាត់គ្រាប់មីននៅលើឆាកអន្តរជាតិ៕