2025-12-05 08:00
6

ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៤ ពាន់កន្លែង។ 

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២ គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១២ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦ លានដុល្លារអាម៉េរិក ។

ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ ប៊ីលានដុល្លារអាម៉េរិក គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០ គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ចំនួន ៣៨៩ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់សម្គាល់ ក្នុងរយៈពេល ១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥ គម្រោង៕