ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃទី១១៤ ដែលកងទ័ពកម្ពុជា ចំនួន ១៨ រូប នៅតែស្ថិតក្រោមការឃុំរបស់យោធាថៃ បន្ទាប់ពីការកើតមានជម្លោះតាមបណ្តោយបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កាលពីចុងខែកក្ដដា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ កថាខណ្ឌទី៥ ដែលកំណត់ឱ្យ “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់ របស់កម្ពុជា ជាបន្ទាន់ដោយមិនបង្អែបង្អង់”។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។
កម្ពុជា បានរំលឹកថា ភាគីថៃត្រូវគោរពកាតព្វកិច្ចអន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ និងធានាឱ្យមានការដោះលែងដែលមានសុវត្ថិភាព ដើម្បីឲ្យកងទ័ពអាចត្រឡប់មកជួបជុំគ្រួសារវិញ។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា “កម្ពុជាមិនដែលបោះបង់កងទ័ពរបស់ខ្លួនឡើយ ហើយកំពុងប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីទាមទារការដោះលែងឱ្យបានរហ័ស និងមានសុវត្ថិភាពបំផុត”៕






