2025-11-11 15:02
6

ថៃ៖ ក្រសួងការពារជាតិថៃ បានផ្តល់ភ្លើងខៀវដល់ការបន្តប្រតិបត្តិការយោធា នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា បន្ទាប់ពីមានសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) និងគណៈរដ្ឋមន្ត្រី ក្នុងការផ្អាកវិធានការទាំងអស់ ក្រោមសេចក្តីប្រកាសសន្តិភាពរួម ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា។ 

ការផ្អាកនេះ ភាគីក៏បានលុបចោលផែនការប្រគល់កងកម្លាំងយោធាកម្ពុជា ចំនួន ១៨ នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រងដោយយោធាថៃ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីកើតមានឧបទ្ទវហេតុកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅតំបន់ Huai Tamaria ស្រុក Kantharalak ខេត្ត Sisaket ដែលទាហានថៃ ចំនួន ០៤ នាក់បានរងរបួស បន្ទាប់ពីបានជាន់មីន នៅតំបន់ភ្នំទ្រព្យ ជិតប្រាសាទព្រះវិហារ ប្រទេសកម្ពុជា។
បន្ទាប់ពីឧបទ្ទវហេតុនេះ NSC បានកោះប្រជុំនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ហើយបានអនុម័ត “ផ្អាក” វិធានការទាំងអស់នៅក្រោមសេចក្តីប្រកាសសន្តិភាពរួម រួមទាំងសកម្មភាពកសាងទំនុកចិត្ត ការបញ្ឈប់អរិភាព ការដោះមីនមនុស៌្សធម និងការសម្របសម្រួលសន្តិសុខព្រំដែន ក្រោមការត្រួតពិនិត្យអ្នកសង្កេតការណ៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្តបន្ទាប់ ភ្នាក់ងារត្រូវបានណែនាំឱ្យអនុវត្តវិធានការយោធាពេញលេញ និងភាពអាសន្នការតវ៉ាការទូត ប្រាប់ប្រជាពលរដ្ឋ នៅតាមខេត្តជាប់ព្រំដែន និងធ្វើសមយុទ្ធសុវត្ថិភាពនៅទូទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជុំវិញឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់តាំងពីថ្ងៃម្សិលមិញ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃ ដែលបានចោទប្រកាន់មកលើកម្ពុជា ថា “បានដាក់គ្រាប់មីនថ្មី” និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធរាល់ការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។

ក្រសួងការពារជាតិ បានរំឭកភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជា “ចម្ការមីន” ដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ដោយឡែក ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថា “កម្ពុជាបានដាក់មិនថ្មី” នៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសុះសាយនូវការពិតថា “ចម្ការមីន” ភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។

កម្ពុជា នៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយ និងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។

កម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតី ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន ជាសាក្សី៕