2025-11-11 14:21
4

បន្ទាប់ពី លោក Xi Jinping ប្រធានាធិបតីចិននិង លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានជជែកគ្នាពីលទ្ធភាពនៃការរស់នៅរហូតដល់អាយុ ១៥០ឆ្នាំ នៅខាងក្រៅក្បួនព្យុហយាត្រាយោធាក្នុងទីក្រុងប៉េកាំងកន្លងមកនោះ ស្រាប់តែអ្នកវិទ្យាសាស្រ្តចិន បានអះអាងថា ចំពោះលទ្ធភាពនៃការពន្យាអាយុនេះ អាចធ្វើទៅបានដោយការចាប់ផ្តើមផលិតឱសថម្យ៉ាងក្នុងការធ្វើឲ្យមនុស្សមានអាយុវែង ហើយវាអាចកើតឡើងបានក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះ នេះបើតាមរបាយការណ៍របស់ New York Times ។

យោងតាមការចេញផ្សាយដោយគេហទំព័រ Financialexpress នៅថ្ងៃទី១០ វិច្ឆិកា បានឲ្យដឹងថា តាមរបាយការណ៍របស់ NYT អ្នកវិទ្យាសាស្ត្រចិន គ្រោងបង្កើតថ្នាំពន្យារអាយុជីវិតមនុស្សដល់ទៅ ១៥០ឆ្នាំ ដោយផ្អែកលើសមាសធាតុដែលមាននៅក្នុងសារធាតុចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូ (PCC1)។ 

ចំពោះការចម្រាញ់សារធាតុនេះ អ្នកវិទ្យាសាស្រ្ត បានយកវាទៅធ្វើតេស្តលើសត្វកណ្ដុរ ហើយជាលទ្ធផលបានបង្ហាញថា របកគំហើញនៃសមាសធាតុគ្រាប់ទំពាំងបាយជូរ PCC1 បានបំផ្លាញកោសិកាចាស់ៗនៅក្នុងសារពាង្គកាយសត្វកណ្ដុរ និងបានជួយពង្រីកអាយុជីវិតរបស់វាបានជាង 9% ឯណោះ។

លោក Lyu Qinghua ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Lonvi បានប្រាប់ NYT ថា "ការរស់នៅរហូតដល់ ១៥០ឆ្នាំ គឺពិតជាអាចសម្រេចបានប្រាកដមែន" ។ 

នេះគឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយស្ថានភាពរ៉ាំរ៉ៃដែលទាក់ទងនឹងអាយុ ហើយវាប្រៀបដូចជាឧបករណ៍ក្នុងការជួយពន្យាអាយុជីវិតមនុស្សដូចគ្នាដែរ។ 

រីឯ លោក Yip Tszho aka Zico នាយកប្រតិបត្តិរបស់ Lonvi ក៏បានប្រាប់ NYT បន្ថែមថា ការចាប់ផ្តើមនេះរួមជាមួយនឹងរបៀបរស់នៅដែលមានសុខភាពល្អ និងការថែទាំវេជ្ជសាស្រ្ត ថ្នាំគ្រាប់ដ៏អស្ចារ្យមួយនេះអាចជួយមនុស្សឱ្យរស់នៅរហូតដល់ ១០០-១២០ ឆ្នាំ៕