2025-09-03 15:25
22

តាកែវ៖ អាជ្ញាធរខេត្តតាកែវ បានប្រកាសហាមការបង្ហោះដ្រូន និងខ្លែងពីថ្ងៃទី៣-៧ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្រុកចំនួន ៣ ក្បែរនឹងព្រលានយន្តហោះថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដើម្បីធានាសុវត្ថិភាពដល់ការហោះហើរពិនិត្យឋបនីយភណ្ឌនាំផ្លូវឃ្លាំមើលដែនអាកាស និងនាំផ្លូវចុះចត។

តាមលិខិតរបស់អភិបាលខេត្តខេត្តតាកែវ លោក វ៉ី សំណាង បានប្រាប់អភិបាលស្រុកបាទី ស្រុកសំរោង ស្រុកព្រៃកប្បាសឱ្យ ឱ្យផ្សព្វផ្សាយដំណឹងនេះដ ល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅជិតភូមិសាស្ត្រអាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យបានជ្រាបជាព័ត៌មាន និងហាមឃាត់រាល់ការបង្ហោះអាកាសយានហោះគ្មានមនុស្សបើក (Drone) ខ្លែង ប៉េងប៉ោង ឬវត្ថុទាំងឡាយណាដែលអាចមានផលប៉ះពាល់ដល់ប្រតិបត្តិការហោះហើរ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ដោយសារនៅពេលដ៏ឆាប់ខាងមុខនេះ  អាកាសយានដ្ឋានអន្តរជាតិតេជោ និងបើកឲ្យដំណើរការសេវាកម្មរបស់ខ្លួន។ ដូច្នេះផ្នែកបច្ចេកទេស ម្ដងហើយ ម្ដងទៀត ត្រូវបានធ្វើការសាកល្បង ដើម្បីឲ្យប្រាកដថា “បញ្ហាបច្ចេកទេសទាំងអស់ នឹងដំណើរការទៅដោយរលូនតាមការគ្រោងទុក”។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួនបំផុត៕