2025-09-03 14:05
21

ក្នុងពិធីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសចិនបានដាក់បង្ហាញសព្វាវុធទំនើបៗ រួមមាន អាវុធឡាស៊ែរ (Laser weapons) មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងដ្រូនក្រោមទឹកខ្នាតយក្ស ស្ថិតក្នុងចំណោមអាវុធថ្មី ចិនបានដាក់បង្ហាញក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានពីមុនមក នៅទីក្រុងប៉េកាំង។

ក្បួនព្យុហយាត្រាយោធា បានចាប់ផ្តើមជាមួយការលើកទង់ជាតិដ៏ធំមួយ និងការច្រៀងចំរៀងជាតិដោយប្រជាជនចិនរាប់ម៉ឺននាក់ ជាមួយនឹងការបង្ហាញពីឥទ្ធិពលនៃអំណាចយោធាចិន មានកាំជ្រួច មីស៊ីលគ្រប់ប្រភេទ រថក្រោះ យន្តហោះគ្មានមនុស្សបើក ដ្រូនពិឃាត ឧទ្ធម្ភាគចក្រ គ្រឿងយុទ្ធោបករណ៍ទំនើប និងថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត។

ការបង្ហាញគ្រឿងសព្វាវុធទំនើបៗចុងក្រោយទាំងអស់ គឺស្ថិតក្រោមក្រសែភ្នែករបស់មេដឹកនាំនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ដែលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) កាលថ្ងៃទី០២ ខែកញ្ញានេះ និងជាពិសេសវត្តមានមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុង និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ីតែម្តង។

សូមជម្រាបថា នាព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រទេសចិន បានរៀបចំពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប ៨០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ ក្បួនព្យុហយាត្រារបស់ចិននាពេលនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រឿងសព្វាវុធកាន់តែទំនើប និងថ្មីបំផុតរបស់ចិន៕