
ថៃ៖ មេបញ្ជាការយោធាភូមិភាគទី២ថៃ លោក Boonsin Padklang (ប៊ុនស៊ីង ផាតក្លាង) បានប្រកាសយ៉ាងមុតមាំថា ខ្លួននឹងវាយយកប្រាសាទតាក្របី និងប្រាសាទមាន់ធំមកឱ្យប្រទេសថៃវិញ មុនពេលលោកត្រូវចូលនិវត្តន៍នៅ៥១ថ្ងៃខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយប្រព័ន្ធឃោសនារបស់ថៃ KHAOSOD នាល្ងាចថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៥នេះ។
មេភូមិភាគ២ថៃ ដ៏មានអំនួតរូបនេះ បានអះអាងអំពីការប៉ះប្រវត្តិនៃការទង្គិចគ្នាដោយប្រដាប់អាវុធក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដោយលោកបានប៉ាន់ប្រមាណថា ទាហានកម្ពុជាបានរងរបួសជាង ៣ ០០០នាក់។ លោក ផាតក្លាង បានអះអាងថា ក្នុងកំឡុងមានការប្រយុទ្ធគ្នាទាហានរបស់ថៃ បានព្យាយាមវាយលុកចូល ដើម្បីគ្រប់គ្រង់តំបន់ប្រាសាទតាបី ប៉ុន្តែត្រូវបានបរាជ័យដោយកម្លាំងយោធាកម្ពុជាឈរជើងទីនោះ ព្យាយាមវាយទប់ស្កាត់ និងភូមិសាស្ត្រពិបាកក្នុងការវាយលុយផង។
លោក Boonsin Padklang បានថ្លែងប្រាប់ប្រព័ន្ធឃោសនារបស់ខ្លួនថា ក្នុងរយៈពេលបួនថ្ងៃនៃការប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជា លោកបែកចែកទីតាំងផ្សេងគ្នា ចំនួន ១១ គោលដៅ ប៉ុន្តែមិនអាចវាយលុកយកមកកាន់កាប់បាន ព្រោះជុំវិញតំបន់ប្រាសាទតាក្របីសម្បូទៅដោយគ្រាប់មីនផ្ទុះ។ ហើយពេលនោះទាហានរបស់ខ្លួនបានរុលចូលទៅសល់ចំងាយប្រមាណ ៣០ម៉ែត្រ ប៉ុណ្ណោះពីប្រាសាទ។
សូមជម្រាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅជំរុំ Suran ក្នុងខេត្ត Nakhon Ratchasima លោក Wan Muhammad Noor Matha ប្រធានសភាថៃ រួមជាមួយគណៈប្រតិភូបានរួមគ្នាបរិច្ចាគសម្ភារៈបរិក្ខារពេទ្យ ឧបករណ៍ ដើម្បីការពារខ្លួន និងសម្ភារៈប្រើប្រាស់ដល់ទាហានដែលកំពុងបម្រើការងារនៅព្រំដែនថៃ-កម្ពុជា ជាច្រើន។
នាឱកាសនោះ លោក Wan Muhammad Noor Matha ប្រធានសភាថៃ បានបញ្ជាក់ថា “សភាបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្របេសកកម្មរបស់យោធា ដើម្បីការពារអធិបតេយ្យភាពជាតិ និងថែរក្សាប្រជាជនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន”។
លោក Boonsin មេភូមិភាគទី២ថៃ បានប្រកាសថា៖ «ខ្លួននៅមានពេល៥១ថ្ងៃទៀត ក្នុងការបំពេញភារកិច្ចក្នុងនាមជាមេបញ្ជាការតាមដែលអាចធ្វើទៅបាន និងជឿជាក់លើទាហានវ័យក្មេងរបស់ខ្លួនអាចវាយយកប្រាសាទតាក្របីមកកាន់កាប់ និងឈានដល់បិទប្រាសាទតាមាន់ធំជាអចិន្ត្រៃយ៍តែម្តង»៕



