
ភ្នំពេញ៖ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់នូវជំហរយ៉ាងច្បាស់លាស់ប្រាប់ដល់ប្រជាពលរដ្ឋជនរួមជាតិកម្ពុជា និងសហគមន៍អន្តរជាតិ អំពីជំហរច្បាស់លាស់ម៉ឺងម៉ាត់ ចំនួន ៣ ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ។
អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ទី១៖ ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
ទី២៖ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននោះឡើយ។ កម្ពុជា សូមអំពាវនាវយ៉ាងទទូចដល់ភាគីថៃ បង្ហាញនូវសុឆ្ទៈការគោរពដ៏ម៉ឺងម៉ាត់ ដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះដូចគ្នាដែរ
ទី៣៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការាប្រើប្រាស់កម្លាំងយោធានោះឡើយ។
សូមបញ្ជាក់ថា នេះជាការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង១៦ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕
