2025-08-10 22:50
40

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្បួនធម្មយាត្រា ដើម្បីសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន និងស្ថិរភាពដោយមិនត្រូវការសង្គ្រាមឡើយ

លោក ឃួង ស្រេង បានថ្លែងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងអញ្ជើញពិនិត្យលើការរៀបចំការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនគណៈសង្ឃនាយកកម្ពុជា ក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលនិមន្តចេញដំណើរពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅវិមានឯករាជ្យ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ។ 

អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា «គណៈសង្ឃនាយកបានយល់ច្បាស់ថា សាសនាបានកើតឡើងក្រោមដំបូងសន្តិភាព មានសន្តិភាព ទើបមានសាសនា។ សាសនានៅកម្ពុជា ត្រូវបានបាត់បង់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបានកើតឡើងវិញ នៅក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងកំពុងរីកដុះដាលដោយមានជំនឿពីពុទ្ធសាសនិកនៅកម្ពុជា ប្រមាណជាង ៩០% ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា ខណៈដែលគ្រប់ទីវត្តអារាមទាំងអស់ កំពុងមានការរីកចម្រើន»

 លោក ឃួង ស្រេង បានបន្ថែមថា ព្រះសង្ឃ ក៏មានការភ័យខ្លាច ការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទ របស់ព្រះអង្គ ដូចនេះ ទើបគណៈសង្ឃនាយកបិណ្ឌបាតទៅរាជរដ្ឋាភិបាល សុំធ្វើធម្មយាត្រាសន្តិភាព សុំសន្តិភាព និងសុំការដោះលែងចំណាំក្មាំង ដែលមានអរិភាពជាមួយគ្នាកន្លងមកនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសង្កតធ្ងន់ថា៖ «ការធ្វើនេះ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងសាសនិក ឬកាតូលិក ឥស្លាមសាសនា ដែលជាប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្តិភាព ត្រូវការការរីកចម្រើន ត្រូវការការរស់នៅមួយ ដែលមានស្ថេរភាព ចឹងមិនត្រូវការសង្គ្រាមទេ»

 ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយត្រូវមានទំនុកចិត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអាចធានាបានថា ទឹកដីកម្ពុជា មិនបាត់មួយមីលីម៉ែត្រ ហើយក៏មិនត្រូវការទឹកដីអ្នកដទៃ មួយមីលីម៉ែត្រដែរ ។

បន្ថែមលើនេះ លោក ឃួង ស្រេង ជឿជាក់ថា ក្រោយមានអរិភាពនេះ ទូទាំងសកលលោក បានមើលឃើញច្បាស់ ពីប្រជាជនកម្ពុជា និងមើលឃើញច្បាស់ ពីការដឹកនាំរបស់សម្តេចទាំងទ្វេ តេជោ-ធិបតី ក្នុងកិច្ចការដឹកនាំដែលមិនជាអ្នកបង្កឱ្យមានបញ្ហា ជាមួយប្រទេសជិតខាងឡើយ តែផ្ទុយទៅវិញ មានតែអ្នកជិតខាងកម្ពុជានោះទេ ដែលធ្វើទង្វើមិនគោរពច្បាប់អន្តរជាតិ ។ ទោះជាយ៉ាងកម្ពុជា នៅតែមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌នៅតែមានសម្រាប់កម្ពុជា។

សូមជម្រាបថា ធម្មយាត្រា ដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយមានព្រះសង្ឃទាំងពីរគណៈនិមន្តចូលរួម ចំនួន ២ ៥៦៩ អង្គ។ ស្ថិតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរកម្ពុជា-ថៃ អំពាវនាវមានការដោះលេងកងកម្លាំងយោធាកម្ពុជាទាំង១៨រូប ដែលភាថៃចាប់ខ្លួនឱ្យវិញឆាប់រហ័ស និងថ្លែងអំណរគុណដល់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយអន្តរាគមន៍ ស្វែងរកបទឈប់បាញ់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា៕